ដីព្រៃរបស់រដ្ឋក្នុងខេត្តព្រះវិហាររាប់រយហិកតា កំពុងត្រូវ​ឈូសឆាយដោយ​ទាហានដឺបេម្នាក់ ដោយ​អាជ្ញាធរមិនហ៊ានទៅក្បែរ

ព្រះវិហារ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ដីព្រៃរាប់រយហិកតានៅ​ចំណុចត្រពាំងផ្លុង និង​អូរខ្សាច់ ក្នុង​ភូមិ​សាស្រ្ត​ភូមិ​ក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានបុរស​ដ៏​មានអំណាចម្នាក់ ដែល​គេ​ដឹងថា គឺជាទាហានដឺបេ បាន​យកគ្រឿងចក្រទៅធ្វើ​ការ​ឈូសឆាយយ៉ាងគគ្រឹកគគ្រែង ដោយ​មិន​មាន​ការ​ហាមឃាត់ ឬបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចណានៅឡើយទេ។

បើតាម​ប្រជាពលរដ្ឋ​ខ្លះថា ទាហានរូបនោះ​មានឈ្មោះ ក្រូច ប៊ុនគីម ហៅ (ហែម បូរិន) ជាមន្ត្រីយោធាពាក់សក្ត័ ៣ នៅការិយាល័យទី២ យោធភូមិភាគ៤ កងទព័ជើងគោក។

សេចក្តីរាយការណ៍បានអោយដឹងទៀតថា ការដាក់ គ្រឿងចក្រចូលទៅឈូសឆាយដីព្រៃ របស់បុគ្គលក្រូច ប៊ុនគីមនេះ មិនមែនទើបតែថ្មីៗនេះទេ គឺបុគ្គលនេះបានចូលទៅឈូសឆាយតាំពីឆ្នាំ២០១៨មកម្លេះ តែសកម្មភាពរបស់គេ ហាក់មិនរំខានដល់សមត្ថកិច្ចពាក់ពន្ធ័នោះឡើយ។

បើតាម​សេចក្តីរាយការណ៍​ច្បាស់​ការណ៍​បានឲ្យដឹងថា ពេលនេះទាហានដែលឈ្មោះ ក្រូច ប៊ុនគីម កំពុងឈូសឆាយដីរដ្ឋហ៊ុំពទ្ធ័ធ្វើជាក្រវាត់ព្រំយកទំហំប្រមាណជា២០០ហិកតា លក់ឲ្យឈ្មួញម្នាក់នៅម្តុំផ្សារក្រោមខេត្តសៀមរាប។

ការឈូសឆាយដីព្រៃយ៉ាងគគ្រឹកគគ្រេងយ៉ាងដូច្នេះ គេមិនដែលឃើញមន្ត្រីជំនាញមេព្រៃ បរិស្ថាន ប៉ូលិសសេដ្ឋកិច្ច របស់ខេត្តព្រះវិហារ ទៅធ្វើការបង្ក្រាបម្តងណាឡើយ ដែលការណ៍នេះធ្វើ​ឲ្យ​គេ​មាន​សង្ស័យថា មន្ត្រីជំនាញរបស់ខេត្តព្រះវិហារ កំពុងត្រូវថ្នាំសណ្តំរបស់ឈ្មោះ ក្រូចប៊ុនគីម ទើបមិនអាចទៅបង្ក្រាបបាន។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​ សំណូមពរដល់ស្ថាប័នពាក់ពន្ធ័មេត្តាចុះពិនិត្យនិងបង្ក្រាបផង បើមិនដូច្នេះទេ បុគ្គលដែលជាទាហានដឺបេពាក់សក្ត័ ៣ឈ្មោះក្រូច ប៊ុនគីម អាចនឹងឈូសឆាយបំផ្លាញព្រៃរបស់រដ្ឋ ដល់ពាន់ហិកតា ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនជាក់ជាមិនខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close