ក្រសួងសុខាភិបាល កែប្រែលក្ខខណ្ឌព្យាបាលសម្រាប់អ្នកដែលរកឃើញវីរុសកូវីដ១៩ ប្រភេទអូមីក្រុង
នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ក្រោយពីមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗ ដោយធ្វើការកែប្រែលក្ខខណ្ឌព្យាបាលអ្នកជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង។
ក្នុងនោះ សម្រាប់ជនបរទេសដែលចូលមកកម្ពុជា ហើយតេស្តរកឃើញវិជ្ជមាន ត្រូវអនុញ្ញាតឲ្យព្យាបាលនៅសណ្ឋាគារ ឬនិវេសនដ្ឋានរបស់ស្ថានទូត ឬទីកន្លែងដែលពួកគាត់ជ្រើសរើស ដោយពុំចាំបាច់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ១៩ របស់រដ្ឋទេ។
សម្រាប់ជនជាតិខ្មែរ ជាអ្នកដំណើរមកពីបរទេស និងអ្នកនៅក្នុងប្រទេស អនុញ្ញាតឲ្យស្នាក់នៅព្យាបាលតាមផ្ទះ ដូចករណីអ្នកជំងឺកូវីដ១៩ ប្រភេទអាល់ហ្វា ឬដែលតាដែរ ដោយគោរពតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ។
ជាមួយគ្នានេះ ចំពោះអ្នកជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ជាជនបរទេស ឬជនជាតិខ្មែរ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ១៩ ប្រសិនជាមានបំណងចាកចេញទៅព្យាបាលនៅតាមផ្ទះ ឬសណ្ឋាគារ ត្រូវបានអនុញ្ញាតឲ្យចាកចេញចាប់ពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២តទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។