ក្រសួងសុខាភិបាល ក្រើនរំលឹក​ពី​ការចម្លង​ជំងឺ​កូ​វីដ​១៩ ជំងឺផ្តាសាយបក្សី និង​ការបង្ការ​ការពុល​ចំណីអាហារ នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីណែនាំ​ក្រើនរំលឹក ស្តីពី​ការការពារ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ជំងឺផ្តាសាយបក្សី និង​ការបង្ការ​ការពុល​ចំណីអាហារ ឬ ពុល​ស្រា ដែល​រៀបចំ​មិន​ត្រឹមត្រូវ នាឱកាស​រៀបចំ​សែនដូនតា និង​នាឱកាស​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នាពេលខាងមុខ​។

​ក្នុង​សេចក្តីណែនាំ​នោះ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដោយ​អំពាវនាវ និង​ធ្វើការ​ក្រើនរំលឹក​ដល់​បងប្អូន ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ការពារ​សុខ​ភាព​ពី​ការ​ចម្លងជំងឺ​កូ​វីដ​-១៩ ជាពិសេស​អូ​មី​ក្រុង ជំងឺផ្តាសាយបក្សី និង​ជំងឺ​ផ្សេងៗ​រួមទាំង​ការបង្ការ​សុខភាព​បណ្តាលមកពី​ការពុល​ចំណីអាហារ ឬ​ពុល​ស្រា ស នៅក្នុង​ការរស់នៅ​ជាប្រចាំ​ថ្ងៃ​របស់ខ្លួន ក៏ដូចជា​នា​រដូវ​បុណ្យទាន ពិធី​សែនដូនតា​ផ្សេងៗ និង​នាឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ដោយ​អនុវត្ត​វិធានការ​ដូចខាងក្រោម​៖

* អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ (​ពាក់​ម៉ាស់ លាងដៃ​ឱ្យ​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​អាល់កុល ឬ​ជែ​ល និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ពីមួយ​ម៉ែត្រ​កន្លះ​ឡើង​) និង ៣​កុំ (​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន កុំទៅ​កន្លែង បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា ជាដើម​)​។​

* ត្រូវ​លាងដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត​ឱ្យបាន​ញឹកញាប់ បន្ទាប់ពី​ការប៉ះពាល់​សត្វ បោច​សំអាត​សត្វ​ប​សុ​បក្សី ឬ​វត្ថុ​ផ្សេងៗ ដែល​អាចជា​ប្រភព​ចម្លងរោគ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្តន៍​អនាម័យ និង​ចំណីអាហារ​ដែលមាន​សុវត្ថិ​ភាពល្អ និង​ចម្អិន​ម្ហូបអាហារ​ឱ្យបាន​ឆ្អិន​ល្អ មុននឹង​បរិភោគ​។​

* គួរ​ត្រូវ​ជៀសវាង ការចូលទៅ​កន្លែង​ចិញ្ចឹមសត្វ (​បើ​គ្មាន​ភារកិច្ច ឬ​ប៉ះពាល់​ផ្ទាល់​ជាមួយ​សត្វ​នៅតាម​កសិដ្ឋាន​ចិញ្ចឹមសត្វ និង​ទីផ្សារ​បក្សី​រស់ ឬ​ចូល​កន្លែង​សត្តឃាត ឬ​ប៉ះពាល់​ជាមួយ​ផ្ទៃ​ណាមួយ​ដែល​កខ្វក់ ឬ​ប្រឡាក់​ដោយ​លាមក​សត្វ​ប​សុ​បក្សី ឬ​សត្វ​ដទៃទៀត​។​

* ជៀសវាង​ប្រជ្រៀត​គ្នា នៅពេល​ទិញ​ម្ហូបអាហារ ទិញ​សាច់ ឬ​បក្សី​រស់ ឬ​សម្ភារៈ​នានា ជាពិសេស ត្រូវ​ចេះ​ត្រៀមលក្ខណៈ​ទុកជាមុន​ពី​ចម្ងាយ ជៀសវាង​ការកកស្ទះ ឬ​ការ​កកកុញ​មនុស្ស​ច្រើន នៅតាម​ទីផ្សារ ឬ​ហាង​នៅក្នុង​ថ្ងៃ​តែមួយ ឬ​ក្នុង​ថ្ងៃ​នៃ​ពិធី​នានា​ជាដើម​។​

* ទុកដាក់​អាហារ​ឆៅ និង​ឆ្អិន ដាច់ដោយឡែក​ពីគ្នា​។​

* ចម្អិនម្ហូប​អាហារ​ឱ្យបាន​ឆ្អិន​ល្អ ជាពិសេស​សាច់ សត្វ​ស្លាប ស៊ុត និង​អាហារ​សមុទ្រ​។ នៅពេល​លោកអ្នក​ទិញ​ម្ហូបអាហារ​ដែល​ឆ្អិន​ស្រាប់ នៅតាម​ផ្សារ ឬ​តាម​ដងផ្លូវ ត្រូវ​ប្រាកដថា​អាហារ​ទាំងនោះ​មាន​អនាម័យ និង​មាន​សុវត្ថិភាព​។​

* ទុកដាក់​ចំណីអាហារ​ក្នុង​សីតុណ្ហភាព​មាន​សុវត្ថិភាព (​បើ​ត្រជាក់ ត្រូវ​តិចជាង​៥​អង្សា​សេ និង​បើ​ក្ដៅ គឺ​ត្រូវ​លើសពី​៦០​អង្សា​សេ ឬ​ចម្អិន​អាហារ​មួយពេល​សម្រាប់តែ​មួយពេល ដោយ​មិន​ទុក​អាហារ​សេសសល់​យូរ ដែល​អាច​ផ្អូម ឬ​មាន​ដុះ​ផ្សិត ដែល​បង្កឱ្យមាន​ការ​រាគរូស ឈឺពោះ ក្អួត ជាដើម​។​

* ត្រូវ​ប្រើប្រាស់​ទឹកស្អាត និង​វត្ថុធាតុដើម​នៅ​ល្អ​។ បើ​សង្ស័យថា​មាន​ឆ្លង​វីរុស​ផ្ដាសាយ​បក្សី ដោយមាន​រោគសញ្ញា​ទូទៅ​រួមមាន​៖ គ្រុនក្តៅ​លើសពី ៣៨.៥ អង្សា​សេ ក្អក និង​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ប៉ះពាល់​សត្វ​ប​សុ​បក្សី​ឈឺ ឬ​ស្លាប់​ក្នុងអំឡុងពេល ១៤​ថ្ងៃ មុន​ចេញ​រោគសញ្ញា​
​សូម​ទូរស័ព្ទ​មក​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​១១៥ និង​ប្រញាប់​ទៅកាន់​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោកអ្នក​។​

* អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាល​ឃុំ​/​សង្កាត់ ត្រូវ​ចាត់តាំង​កម្លាំង​គ្រប់គ្រង ឃ្លាំមើល និង​ធ្វើ​ការណែនាំ ការអនុវត្ត​វិធានការ​ការពារ​ខាងលើ ជាពិសេស​៖

– នៅតាម​កសិដ្ឋាន ទីផ្សារ​លក់​សត្វ​ប​សុ​បក្សី​រស់ ដោយមាន​ការត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​ការពារ​ឱ្យបាន​ហ្មត់ចត់ ដើម្បី​ជៀសផុត​ពី​ការផ្ទុះ​ចេញ​នូវ​ជំងឺផ្តាសាយបក្សី ក្នុង​សហគមន៍​របស់ខ្លួន​។​

– នៅ​មូលដ្ឋាន​របស់ខ្លួន ចាត់ចែង​ការត្រួតពិនិត្យ​ចំពោះ វិធានការ ៣​ការពារ ៣​កុំ និង​វិធានការ​សុវត្ថិភាព​ចំណីអាហារ​។​

– ត្រួតពិនិត្យ​ទីតាំង​បិទស្រា ស ឬ​ផលិត​ស្រា ស ហើយ​អ្នករៀបចំ ឬ​អ្នក​ផលិត​ស្រា ស ត្រូវ​ធានា​នូវ​ការ​អនុវត្តតាម​ក្បួន​បច្ចេកទេស​ត្រឹមត្រូវ ដោយ​មិន​យក​សារធាតុ​មេ​តា​ណុល មក​លាយ​ធ្វើជា​ស្រា ស​ផ្តេសផ្តាស​នោះឡើយ​។​

* ដាច់ខាត​មិនត្រូវ​ទិញ ឬ​ផលិត ឬ​បិ​រ​ភោគ​ស្រា ស ដែល​មិនមាន​ប្រភព​ផលិត​ច្បាស់​លាន​ស់ ហើយ​ដែល​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ឬ​យក​មេ​តា​ណុល​ធ្វើជា​ស្រា ស ដែល​បង្ក​ឲ្យ​មាន​ការពុល​រហូតដល់​ស្លាប់​នោះទេ​។​

​ជាមួយគ្នានេះ ក្រសួងសុខាភិបាល​សូម​លើកទឹកចិត្ត​ដល់​ប្រជាជន​ទូទៅ អនុវត្តតាម​ដំបូន្មាន​សាម​ញ្ញា​ខាងលើ ដើម្បី​ការពារ​ខ្លួន និង​ក្រុមគ្រួសារ និង​ជូនពរ​ឲ្យ​បុគ្គល​គ្រប់រូប​ជួប​នូវ​សុខ​ភាពល្អ និង​ចៀសផុត​នូវ​ជំងឺ​កូ​វីដ​១៩ និង​ជំងឺ​ផ្សេងៗ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close