វៀតណាម មិនតម្រូវឲ្យធ្វើចត្តាឡីស័កឡើយ សម្រាប់ពលរដ្ឋ ដែលចូលក្នុងប្រទេសវិញ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

ក្រសួងសុខាភិបាលវៀតណាម បានស្នើដល់អាជ្ញាធរខេត្តក្រុងទាំងអស់ មិនចាំបាច់តម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់ប្រជាពលរដ្ឋខ្លួនដែលវិលត្រលប់ពីក្រៅ ចូលទៅក្នុងប្រទេសវិញ ដើម្បីចូលរួមកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលវៀតណាមហៅថា Tet នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន VNexpress។

ប្រភពបន្តថា ការសម្រេចនេះធ្វើឡើង ខណៈដែលវៀតណាមបានក្លាយជាប្រទេសឈានមុខគេមួយលើពិភពលោក ក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋ ពោលគឺបន្ទាប់ពីមនុស្ស ៩៥.៦ភាគរយ អាយុចាប់ពី១៨ឆ្នាំ បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន ២ដូសរួចហើយ និងកំពុងដំណើរការចាក់ដូសជំរុញ។
ក្រសួងសុខាភិបាលគ្រាន់តែបញ្ជាក់ថា ក្នុងករណីដែលអ្នកដំណើរមកពីក្រៅប្រទេស មានអាការៈគ្រុន ពិបាកដកដង្ហើម ត្រូវតែកំណត់សកម្មភាព និងប្រាប់ទៅអាជ្ញាធរសុខាភិបាលតាមតំបន់ភ្លាមៗ ដើម្បីធ្វើតេស្តរកសំណាក។យ៉ាងណាក៏ដោយ វៀតណាមនៅតែបន្តរកឃើញកូវីដថ្មីៗ ប្រចាំថ្ងៃជាង១ម៉ឺននាក់ និងស្លាប់មិនក្រោម១០០នាក់ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។