អាមេរិកត្រៀមបញ្ជូនទាហានជិត១ម៉ឺននាក់ទៅកាន់អឺរ៉ុបខាងកើត ក្នុងពេលសង្គ្រាមអ៊ុយក្រែននឹងរុស្ស៊ីជិតផ្ទុះឡើង

មន្ទីរបញ្ចកោណអាមេរិក កាលពីថ្ងៃទី ២៤ខែមករា បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិ Lloyd Austin បានបញ្ជារដល់កម្លាំងទាហានទាហាន ៨៥០០នាក់ត្រៀមលក្ខណៈទៅកាន់តំបន់អឺរ៉ុបខាងកើត ដោយសារតែភាពតានតឹងនៅប្រទេសអ៊ុយក្រែនកាន់តែកើនឡើងខ្ពស់។

អ្នកនាំពាក្យមន្ទីបញ្ចកោណ លោក John Kirby បានឲ្យដឹងថា កម្លាំងទាហានអាមេរិក និងជួយដល់កម្លាំងណាតូ ក្នុងពេលចាំបាច់ ក៏ដូចជាធ្វើសកម្មភាពផ្សេងទៀត ។ លោក John Kirby បន្តទៀតថា ការបញ្ជូនទាហានទៅកាន់តំបន់អឺរ៉ុបខាងកើតគឺដើម្បី ធ្វើឲ្យសម្ព័ន្ធមិត្តអាមេរិកស្ងប់ចិន ។ សកម្មភាពខាងលើគឺជាការផ្ញើសារទៅកាន់ប្រធានាធិបតីពូទីន ដែលកំពុងតែប្រឈមមុខតានតឹងជុំវិញបញ្ហាអ៊ុយក្រែន ។
លោក John Kirby បញ្ជាក់ទៀតថា «ជាការពិតណាស់រុស្ស៊ីមិនមានគម្រោងកាត់បន្ថយភាពតានតឹងជាមួយអ៊ុយក្រែននោះឡើយ» ។ លោកបន្តទៀតថា អាមេរិកនឹងធ្វើសកម្មភាពដើម្បីការពារផលប្រយោជន៍ អាមេរិកនិងប្រទេសជាសកម្ព័ន្ធមិត្តក្នុងតំបន់។
កាលពីថ្ងៃទី២៤ខែមករា អង្គការ NATO ក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអឺរ៉ុបមួយចំនួនទៀត បានសន្យាបញ្ជូនសព្វាវុធ ដើម្បីជួយអ៊ុយក្រែនទប់ទល់ នឹងការគំរាមកំហែងផ្នែកយោធាពីប្រទេសរុស្ស៉ី ដែលរងការចោទប្រកាន់ពី ក្រុមប្រទេសលោកខាងលិចថា បានដាក់ពង្រាយកងទ័ពប្រហែល ១០០,០០០នាក់ នៅតាមបណ្តោយព្រំប្រទល់ក្បែរអ៊ុយក្រែន។
ចំនួនកងទ័ពដ៏ច្រើនសន្ធឹកបែបនេះ ត្រូវបានក្រុមមន្ត្រីអាមេរិកចាត់ទុកថាជា ការត្រៀមលក្ខណៈលើកទ័ពចូលអ៊ុយក្រែន នៅចុងខែមករានេះ ឬនៅដើមខែកុម្ភៈខាងមុខ។ ដោយឡែក ខាងរុស្ស៊ីវិញ ក៏បានចេញមុខបដិសេធជាច្រើនផងដែរថា ខ្លួនគ្មានផែនការវាយប្រហារលើប្រទេសណាមួយឡើយ តែបានព្រមានទុកជាមុន ក្នុងការចាត់វិធានការឆ្លើយតប ប្រសិនបើមានសកម្មភាពបង្ករឿងណាមួយ ពីអ៊ុយក្រែន និង NATO៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។