ក្រុមហ៊ុន​ជប៉ុន​មួយ ស្នើសុំ​ការវិនិយោគ​ដំណាំ​ស្វាយចន្ទី និង​បង្កើត​រោងចក្រ​កែច្នៃ សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស

​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បានអនុញ្ញាត​ឲ្យ​លោក Akira Taniguchi នាយក​ក្រុមហ៊ុន YEBISS HOLDINGS និង​សហការី​ចូលជួប ដើម្បី​សម្តែង​ការគួ​សម និង​ស្នើសុំ​អនុសាសន៍​មួយចំនួន​ទាក់ទង​ការវិនិយោគ​ដំណាំ​ស្វាយចន្ទី និង​បង្កើត​រោងចក្រ​កែច្នៃ​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ជប៉ុន និង​ទីផ្សារ​អន្តរជាតិ​។

​ជាបឋម លោកនាយក​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​ចំណាយពេល​វេលា​ទទួល​ជួប និង​ពិភាក្សា​អំពី​កម្មវត្ថុ​វិនិយោគ​លើ​ដំណាំ​ស្វាយចន្ទី លើ​ផ្ទៃដី ១០០០​ហ​ត ក្នុង​ខេត្តព្រះវិហារ​។ ការវិនិយោគ​នេះ​មាន​គោលបំណង​សំខាន់​៣ គឺ ៖ ទី​១- បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ជប៉ុន និង​ទីផ្សារ​អន្តរ ជាតិ​ផ្សេងទៀត ទី​២- កែច្នៃ​សំបក​គ្រាប់ស្វាយចន្ទី​ជា​ប្រេង ដើម្បី​យកទៅ​កែច្នៃ​ធ្វើជា​សម្ភារ​ប្រើប្រាស់​ដូចជា​កំប៉ុង ថង់ កែវ ទុ​យូ ប្រអប់​។​ល​។ ជំនួស​ឲ្យ​វត្ថុ​ប្លា​ស្ទីក​ដែល​កំពុង​បំផ្លាញ​បរិស្ថាន​។ អ្វី​ដែលមាន​សារៈសំខាន់​បំផុត​នោះ​គឺ​ផលិតផល​ជា​កំប៉ុង ដប ថង់ ។​ល​។ ដែល​ផលិត​ចេញ​ជា​ប្រេង​ពី​សំបក​គ្រាប់ស្វាយចន្ទី នឹង​អាច​រលាយ​យ៉ាង​ងាយស្រួល​បំផុត​ទៅក្នុង​ដី ក្រោយពេល​បាន​ប្រើប្រាស់​រួច​។

​យល់ច្បាស់​ពី​គោលបំណង​របស់​ក្រុមហ៊ុន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​មតិ​ស្វាគមន៍ និង​គាំទ្រ ចំពោះ​កម្មវត្ថុ​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​លើ​ផលិតកម្ម​គ្រាប់ស្វាយចន្ទី កែច្នៃ និង​នាំចេញ​។ ភ្ជាប់​ទៅនឹង​កម្មវត្ថុ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​លោកនាយក​ក្រុមហ៊ុន​ដោយ​សង្ខេប​អំពី សក្តា​ន​ពល​នៃ​ដំណាំ​ស្វាយចន្ទី ទិន្នផល​ប្រមូលបាន និង​បរិមាណ​នាំចេញ ជាពិសេស​ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​សហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​បាន​នាំចេញ​ផលិតផល​ស្វាយចន្ទី​កែច្នៃ​រួច​ចេញទៅ​កាន់​ទីផ្សារ​ជប៉ុន ហើយ​ផលិតផល​នេះ​ត្រូវបាន​ដាក់តាំង​បង្ហាញ និង​មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​អតិថិជន​ជប៉ុន​ទៀតផង​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា គម្រោង​វិនិយោគ​នេះ នឹង​នាំមក​នូវ​ពហុ​ប្រយោជន៍​យ៉ាងច្រើន​ដល់​កសិករ សហគមន៍ និង​ចម្ការ​ស្វាយចន្ទី តាមរយ​:​ការផ្សព្វផ្សាយ​បច្ចេកទេស ពូជ ជី និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ចង្រៃ និង​ជាពិសេស​ប្រើប្រាស់​អស់​លទ្ធភាព​នូវ​វត្ថុធាតុដើម​ដ៏​មានតម្លៃ​មួយ​នេះ បង្កើត​ការងារ និង​បង្កើន​ប្រាក់ចំណូល ដែល​នេះ ប្រាកដជា​នឹងចូលរួម​បង្កើន​សេដ្ឋកិច្ច​គ្រួសារ ឆ្លើយតប​តាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​នា​ឆ្នាំ ២០៣០ និង​២០៥០​។

​នាឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់​យោបល់​ឲ្យ​ក្រុមហ៊ុន បង្កើត​រោងចក្រ​ជា​ជំហាន​ដំបូង ជាការ​សាកល្បង​ប្រើប្រាស់​វត្ថុធាតុដើម (​សំបក​) បន្ទាប់មក​ធ្វើ​កិច្ចសន្យា​ប្រមូល​ទិញ​ពី​ប្រជា កសិករ សហគមន៍ និង​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួនទៀត សំខាន់​ជាង​នេះ​គឺ​ស្រូបយក​ពលកម្ម​ក្នុងស្រុក បង្កើត​ការងារ និង​បង្កើន​ប្រាក់ចំណូល​។
​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​លោកនាយ​កថា​ក្រសួង​នឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​គ្រប់បែបយ៉ាង ធ្វើយ៉ាងណា​ឲ្យ​គម្រោង​វិនិយោគ​នេះ​ទទួលបាន​ជោគជ័យ ទីមួយ​គឺមាន​ឈ្មោះ​ល្បី​លើ​ឆាក​អន្តរជាតិ​ថា​កម្ពុជា​យក​សំបក​គ្រាប់ស្វាយចន្ទី​ធ្វើ ជា​ប្រេង និង​ទី​ពីរ​កម្ពុជា​យក​សំបង​គ្រាប់ស្វាយចន្ទី​ជា​ប្រយោជន៍​សម្រាប់​វិស័យ​ឧស្សាហកម្ម​ប្លា​ស្ទីក កែច្នៃ​ជា​សម្ភារ​ប្រើប្រាស់​ជា​ពហុ​ប្រយោជន៍ ដែល​ពីមុន​វា​មានតម្លៃ​ស្នើ​សូន្យ​។

​លោកនាយក​ក្រុមហ៊ុន​ថា​នឹង​ទទួលយក​អនុសាសន៍​នេះ ហើយ​ចាប់ផ្តើម​ដំណើរការ​ផែនការ​សកម្មភាព​វិនិយោគ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដែល​នឹងត្រូវ​អញ្ជើញ​ឯកឧត្តម​រដ្ឋមន្ត្រី​ជា​អធិបតី​ក្នុង​ពិធី​នោះ​ផងដែរ​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close