គម្រោងថ្មីចំនួន២ បោះទុនវិនិយោគជាង ៣០០លានដុល្លារ នៅកម្ពុជា

ភ្នំពេញ៖ យោងតាមសំណើសុំវិនិយោគលើគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល (ផ្លែចេក…) និងកសិដ្ឋានដំណាំចេករបស់ក្រុមហ៊ុន SING HE YI AGRICULTURE CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រណាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥២កន្លែង។
ដោយឡែក តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទរបស់ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ២៩៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.៦០០កន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។