កូរ៉េខាងជើង​បន្ត​សាកល្បង​មី​ស៊ី​ល​

​ក្នុង​រយៈពេល​តែ​៣​សប្តាហ៍​ដើមឆ្នាំ​២០២២ កូរ៉េខាងជើង បាន​សាកល្បង​មី​សីល​រហូតដល់​ទៅ ៥​លើក ជា​ប្រភេទ​មី​ស៊ី​ល​ទំនើបៗ ល្បឿន​លឿន និង​មាន​បច្ចេកវិទ្យា​នាំ​ផ្លូវ​ទៀតផង​។​

​សារព័ត៌មាន​យ៉ុង​ហាប់​របស់​កូរ៉េខាងជើង បាន​ដកស្រង់​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កូរ៉េខាងជើង បាន​បាញ់​កាំជ្រួច​មី​ស៊ី​លពីរ​ដើម ចូលទៅ​កាន់​តំបន់​សមុទ្រ​ភាគ​ខាងកើត​ប្រទេស​នេះ​នៅ​ថ្ងៃទី ២៥​ខែមករា ។ នៅពេលនេះ​មន្ត្រី​កូរ៉េខាងត្បូង​កំពុងតែ​ស្រាវជ្រាវ​បញ្ជាក់ ពី​ការសាកល្បង​ខាងលើ​។​

​យោធា​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​អង្គារ​នេះ បានឱ្យដឹងថា កូរ៉េខាងជើង​ទំនងជា​បាន​បាញ់​មី​ស៉ី​ល​ចំនួន​២​គ្រាប់​ទៀត ដែល​ធ្លាក់​ទៅក្នុង​សមុទ្រ​ភាគ​ខាងកើត ក្រោយ​ការធ្វើ​តេស្ត​មី​ស៉ី​ល​បាលី​ស្ទិ​ក​ជា​បន្តបន្ទាប់ ក្នុង​ខែមករា​នេះ​។​

​នេះ​ជាការ​ធ្វើតេស្ត​មី​ស៉ី​ល​លើក​ទី​៥​ហើយ ក្នុងឆ្នាំនេះ​សម្រាប់​ទីក្រុង​ព្យុងយ៉ាង ខណៈ​ប្រមុខ​ដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ប្តេជ្ញា​ពង្រឹងសមត្ថភាព​យោធា​របស់ខ្លួន​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ស្រប​ពេលដែល​កិច្ចចរចា​ជាមួយ​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក នៅតែ​បន្ត​ជាប់គាំង​ដដែល​។​

​កន្លងមក​ក្នុង​ខែមករា​នេះ កូរ៉េខាងជើង​ធ្លាប់បាន​បាញ់​តេស្ត​មី​ស៉ី​ល​ចំនួន​៤​លើក​រួចហើយ ដែល​រួមមាន​ការបាញ់​មី​ស៉ី​ល​បាលី​ស្ទិ​ក (ballistic missile) និង​មី​ស៉ី​ល​ល្បឿន​លឿន​ជាង​សំឡេង (hypersonic missile) ហើយ​ការធ្វើ​តេស្ត​ថ្មី​ចុងក្រោយ​គេ គឺ​កាលពី​ថ្ងៃទី​១៧ ខែមករា​។ សកម្មភាព​ធ្វើតេស្ត​មី​ស៉ី​ល​យ៉ាង​សស្រាក់សស្រាំ​បែបនេះ​របស់​កូរ៉េខាងជើង បាន​ញ៉ាំងឱ្យមាន​ការបង្ហាញ​ក្តីបារម្ភ​ពី​សំណាក់ ប្រមុខ​អង្គការសហប្រជាជាតិ ហើយ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន ក៏បាន​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​ទីក្រុង​ព្យុងយ៉ាង​ផងដែរ​៕
​

NK test-fires hypersonic missile

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close