ចុងឆ្នាំ​២០២២! កម្ពុជា ទទួល​រៀបចំ​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សាកលលោក

​ភ្នំពេញ​៖ នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០២២ កម្ពុជា​នឹង​ទទួល​រៀបចំ «​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​» នៅ​ខេត្ត​ព្រះសីហនុ ភ្ជាប់​ជាមួយ​រមណីយដ្ឋាន​តារា​សាគរ ក្នុង​ខេត្តកោះកុង​។​

​យោងតាម​សារលិខិត​របស់លោក ប្រ៊ុ​យ​ណូ បូ​ដា​ដ (Bruno BODARD) អគ្គនាយក​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ដែល​បាន​ផ្ញើមក​កាន់​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា លោក ប្រ៊ុ​យ​ណូ បូ​ដា​ដ បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បានទទួល​យល់ព្រម​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​ពិភពលោក​របស់​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​។​

​អគ្គនាយក​ក្លឹប​ឆ្នេរ បានបង្ហាញ​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក ឬ​កម្មវិធី​ណាមួយ​នៃ​អង្គ​មហាសន្និបាត ដែល​គ្រោង​រៀបចំ​នា​កំឡុង​ខែធ្នូ ឆ្នាំ​២០២២ នៅ​ក្រុងព្រះសីហនុ ភ្ជាប់​ជាមួយ​រមណីយដ្ឋាន​តារា​សាគរ ក្នុង​ខេត្តកោះកុង​។​
​
លោក ប្រ៊ុ​យ​ណូ បូ​ដា​ដ បានបញ្ជាក់​ទៀតថា មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​នេះ នឹង​ក្លាយជា​ឱកាស​ដ៏​ល្អ​ដើម្បី​បង្ហាញ​ដល់​ប្រទេស​ជា​សមាជិក​ក្លឹប​ឆ្នេរ​នូវ​គំរូ​ពិសេស​ក្នុងការ​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ ដែល​សម្រេចបាន​ដោយ​កម្ពុជា​។​

​ឯកឧត្ដម នី ផល្លី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បានឱ្យដឹងថា យោងតាម​បទពិសោធន៍​ដែល​លោក​ធ្លាប់​បំពេញការងារ​ជាមួយ​លោក ប្រ៊ុ​យ​ណូ បូ​ដា​ដ គឺ​លោក ប្រ៊ុ​យ​ណូ មានការ​កោតសរសើរ​ចំពោះ​កម្ពុជា​យ៉ាងខ្លាំង​, ការជ្រើសរើស​ប្រទេស​កម្ពុជា​ជាទី​តាំង​រៀបចំ​មហាសន្និបាត​ក្លឹប​ឆ្នេរ​នេះ មិនមែនជា​រឿង​ចៃដន្យ​នោះឡើយ​។​
​
បើតាម​ឯកឧត្ដម នី ផល្លី លោក​អគ្គនាយក​ក្លឹប​ឆ្នេរ​មាន​សុទិដ្ឋិនិយម​ថា ឆ្លងតាម​បទពិសោធន៍​នៃ​ការរៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២ (ATF 2022) ក្នុង​ខែមករា ឆ្នាំ​២០២២​នេះ កម្ពុជា​ពិត​ជាមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការរៀបចំ​មហាសន្និបាត​របស់​ក្លឹប​ឆ្នេរ គឺ​កម្ពុជា​រៀបចំ​បានល្អ​ទាំង​ការគ្រប់គ្រង​ផ្នែក​សុខាភិបាល សុវត្ថិភាព សណ្ដាប់ធ្នាប និង​ការទទួល​បដិសណ្ឋារកិច្ច​បានល្អ​គ្រប់​ជ្រុងជ្រោយ​។​

​អ្វីដែល​សំខាន់​គឺ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មាន​សុខសន្តិភាព មានការ​អភិវឌ្ឍ ពិសេស​ការគ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ​គឺ​ប្រកបដោយ​វឌ្ឍនភាព និង​វិបុលភាព​ឆ្ពោះទៅមុខ​បានល្អ​។ ម្យ៉ាងវិញទៀត ក្នុង​ដំណាក់​វិបត្តិ​កូ​វីដ​១៩​នេះ កម្ពុជា​មានការ​គ្រប់គ្រង​ប្រទេស​បាន​យ៉ាង​ល្អប្រសើរ បាន​ការពារ​សុខមាលភាព​ប្រជាជន និង​ភ្ញៀវទេសចរ រហូត​ក្លាយជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​មួយ​ក្នុង​ពិភពលោក​។ នេះ​បើតាម​ចំណាប់អារម្មណ៍​របស់លោក​អគ្គនាយក ប្រ៊ុ​យ​ណូ បូ​ដា​ដ ដែល​ត្រូវបាន​សម្រាយ​ដោយ​លោក នី ផល្លី​។​

​ឯកឧត្ដម នី ផល្លី បាន​បញ្ជាក់ថា មហាសន្និបាត​របស់​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​តែង​ប្រារព្ធ​ឡើង​ក្នុង​មួយឆ្នាំ​ម្ដង ប៉ុន្តែ​ដោយសារ​ការរំខាន​ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នៅ​ទូទាំង​ពិភពលោក គេ​ក៏បាន​ផ្អាក​ជា​បន្តបន្ទាប់​អស់​រយៈពេល​២​ឆ្នាំ ដូច្នេះ​ការរៀបចំ​មហាសន្និបាត​នៅ​កម្ពុ​ជានា​ចុង​ឆ្នាំនេះ ជា​ព្រឹត្តិការណ៍​ធំ​លើកដំបូង​របស់​ក្លឹប​ឆ្នេរ​បន្ទាប់ពី​ផ្អាក​រយៈពេល​២​ឆ្នាំ​នោះ​។​

​គួរ​ជម្រាប​ថា ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​១៩៩៧ ដែលមាន​ស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​វ៉ាន (Vannes) នៃ​ប្រទេស​បារាំង​។ បច្ចុប្បន្ន​មាន​ប្រទេស​ជា​សមាជិក​ចំនួន​២៦​ប្រទេស រួមមាន ប្រទេស​កម្ពុជា ចិន កូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីន វៀតណាម អ៉ី​ស្រា​អែល បារាំង អេ​ស្ប៉ា​ញ ក្រិ​ក ម៉ុង​តូ​ណេ​ក្រូ ក្រូ​អា​ស៉ី ព័រទុយហ្កាល់ តួ​ក​គី កាណាដា សហរដ្ឋអាមេរិក ម៉ិ​ក​ស៉ិ​ក សាធារណរដ្ឋ​ដូ​មី​និក ប្រេ​ស៉ី​ល កូ​ឡុំ​ប៊ី កាប់​វែ​រ ម៉ា​ដា​ហ្កា​ស្កា ម៉ា​រ៉ុ​ក អង់​ហ្គោ​ឡា ម៉ូ​សំ​ប៊ិក និង​សេ​ណេ​ហ្កា​ល់​។ ក្នុងចំណោម​ប្រទេស​ទាំង​២៦​នេះ គឺមាន​ឆ្នេរសមុទ្រ​សរុប​ចំនួន​៤៤​ឆ្នេរ​ដែល​បាន​ចូល​ជា​សមាជិក​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close