ស្ពានបេតុង​ឫស្សីកែវ សម្រេចបាន​ជាង ៦៣%​ហើយ និង​គ្រោង​បញ្ចប់​នៅ​ខែមីនា ឆ្នាំ​២០២៣

​ភ្នំពេញ​៖ ការដ្ឋាន​សាងសង់​ស្ពាន​ឫស្សីកែវ ស្រប​នឹង​ស្ពាន​បា​ឡេ ដែល​កំពុង​ធ្វើ​ចរាចរណ៍​រាល់ថ្ងៃ នៅ​ចំណុច​មុខ​ឃ្លាំង​សាំង ស្ថិតក្នុង​ខណ្ឌឫស្សីកែវ ត​ភ្ជាប់​ទៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា គិត​ត្រឹម​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ ការដ្ឋាន​សាងសង់​ស្ពានបេតុង​អារ​មេ​ខ្សែកាប​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប សម្រេច​ល​ទ្ឋ​ផល​បាន ៦៣.៧​ភាគរយ​ហើយ​។ តាម​ផែនការ គម្រោង​នេះ​នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ខែមីនា ឆ្នាំ​២០២៣​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា គម្រោង​ស្ពាន​នេះ មាន​រចនាបទ​ទំនើប​ដែលមាន​សរសរ​ធំ​ចំនួន ៤​បង្គោល មាន​កម្ពស់​រហូតដល់ ៤០​ម៉ែត្រ សម្រាប់​ព្យួរ​ខ្សែកាប​។ គម្រោង​ស្ពាន​នេះ នឹង​បង្កើត​លំហូរ​ចរាចរ​ថ្មី ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ នៃ​ខណ្ឌឫស្សីកែវ និង​ផ្លូវជាតិ​លេខ​៦​នៃ​ខណ្ឌ​ជ្រោយចង្វារ ហើយក៏​ជាការ​បង្កើត​ផ្លូវ​ថ្មី​ត​ភ្ជាប់​ចរាចរ​ក្នុង​ទីក្រុង​ទៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​កម្ពុជា​នឹង​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា SEA GAME ២០២៣​។​

​គួរ​បញ្ជាក់ថា ស្ពានបេតុង​ដែល​ស្ថាបនា​នៅ​អម​ជាមួយ​ស្ពាន​បា​ឡេ​នៅមុខ​ឃ្លាំង​សាំង​នេះ​មាន​ប្រវែង ៩២២​ម៉ែត្រ មាន​ទទឹង​២០,៥​ម៉ែត្រ​។ ចិញ្ចើម​ស្ពាន សម្រាប់​ថ្មើរ​ជើងមាន​ទទឹង ១,២៥​ម៉ែត្រ សងខាង កម្ពស់​សរសរ​ស្ពាន សម្រាប់​ព្យួរ​ខ្សែកាប​ធៀប​នឹង​កម្រាល​ស្ពាន ៣៤​ម៉ែត្រ​។ សរសរ​សម្រាប់​ព្យួរ ខ្សែកាប​មាន​សរសរ​ចំនួន ៤ មាន​គន្លង​ខ្សែ​យានយន្ត​ទទឹង ៣.៧៥​ម៉ែត្រ គន្លង​ធ្វើចរាចរ ២​ខ្សែ​ទៅ ២​ខ្សែ​មក កម្ពស់​នាវាចរ ក្រោម​ស្ពាន​អតិបរមា​នៅ​រដូវវស្សា ១០.៥​ម៉ែត្រ កម្ពស់​នាវាចរ ក្រោម​ស្ពាន​អប្បរ​មា​នៅ​រដូវប្រាំង ២០,៥​ម៉ែត្រ បំពាក់​បង្គោល​ភ្លើង​បំភ្លឺ និង​ដាក់​ស្លាក​សញ្ញា​ចរាចរ​។ ស្ពាន​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន OCIC ដោយ​ប្រើ​រយៈពេល​វេលា ២៨​ខែ និង​ប្រើប្រាស់​ថវិកា​សាងសង់​ចំនួន ៣៥​លាន​ដុល្លារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close