សិង្ហ​បុរី ប្រមូលបាន​ការវិនិយោគ​ជិត ៩​ប៊ី​លាន​ដុល្លារ ក្នុងឆ្នាំ​២០២១

​សិង្ហ​បុរី​៖ ក្រុម​ប្រ​ក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សិង្ហ​បុរី (EBD) បានឱ្យដឹងថា ប្រទេស​សិង្ហ​បុរី​ទទួលបាន​ការប្តេជ្ញា​វិនិយោគ​ទ្រព្យសកម្ម​ថេរ​ចំនួន ១១,៨​ប៊ី​លាន​ដុល្លារ​សិង្ហ​បុរី (៨,៧៨​ប៊ី​លាន​ដុល្លារ​អាមេរិក​) នៅ​ឆ្នាំ​២០២១ ដែល​រំពឹងថា​នឹង​បង្កើត​ការងារ​បាន​ជាង ១​ម៉ឺន​៧​ពាន់​កន្លែង​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាងមុខ​។ នេះ​បើ​យោងតាម​កាសែត Channel News Asia​។​

​តួលេខ​នេះ​បាន​ធ្លាក់ចុះ​ខ្លាំង​ពី​ចំនួន ១៧,២​ប៊ី​លាន​ដុល្លារ​សិង្ហ​បុរី​ដែល​បាន​ប្តេជ្ញា​វិនិយោគ​ក្នុង​ឆ្នាំ​២០២០ ដែល EDB បាន​ហៅថា​ជា «​លទ្ធផល​ល្អឥតខ្ចោះ​» មួយ ដែល​ខ្លួន​មិន​រំពឹងថា​នឹង​ទទួលបាន​ម្តងទៀត​នៅ​ឆ្នាំ​២០២១​។​

​កាសែត Channel News Asia បាន​រាយការណ៍​ថា តួលេខ​វិនិយោគ​ទ្រព្យសកម្ម​ថេរ​កាលពី​ឆ្នាំ​មុននេះ​មាន​ភាពស្របគ្នា​ទៅនឹង​គោ​ដៅ​របស់ EDB ដែល​កំណត់​ចន្លោះ​ពី ៨ ទៅ ១០​ប៊ី​លាន​ដុល្លារ​សិង្ហ​បុរី​ក្នុង​មួយឆ្នាំ​ក្នុង​រយៈពេល​មធ្យម​ទៅ​រយៈពេល​វែង​។​ ​ការវិនិយោគ​ទ្រព្យសកម្ម​ថេរ​សំដៅលើ​ការវិនិយោគ​មូលធនរ​បស់​ក្រុមហ៊ុន​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ និង​គ្រឿងចក្រ​របស់ខ្លួន​។​

​នៅក្នុង​របាយការណ៍​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់ខ្លួន​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ EDB បានឱ្យដឹងថា ការចាក់​វ៉ាក់សាំង​ដ៏​ជោគជ័យ និង​ការបើក​ការធ្វើដំណើរ​ឡើងវិញ​នៅ​ឆមាស​ទី​២ ឆ្នាំមុន បានផ្តល់​ទំនុកចិត្ត​ដល់​ក្រុម​ហ​ហ៊ុន​ឱ្យ​វិនិយោគ និង​ពង្រីក​អាជីវកម្ម​នៅទីនេះ​។​

​លោក Beh Swan Gin ប្រធាន EDB បាន​មានប្រសាសន៍ថា​៖ «​តួលេខ​ប្តេជ្ញា​វិនិយោគ​ដ៏​ខ្លាំង​នៅ​ឆ្នាំ​២០២១ គឺជា​ការបង្ហាញ​ពី​កេរ្តិ៍ឈ្មោះ​របស់​សិង្ហ​បុរី​ថា​ជា​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ និង​ជាទី​តាំង​ចង្វាក់​ផ្គត់​ផ្គង​ល់​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​ដែល​មក​ធ្វើ​អាជីវកម្ម​នៅ​តំបន់​អាស៊ី និង​សម្រាប់​ពិភពលោក​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close