សាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្តចុះត្រួតពិនិត្យទំនិញ និងផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ នៅផ្សារពោធិ៍ចិនតុង
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨
មន្ត្រីកាំកុងត្រូលសាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយមន្ត្រីមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមពី តំណាងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យទំនិញ និងផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ នៅផ្សារពោធិ៍ចិនតុង។
ដោយមានការគាំទ្រពីរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ មន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន មានដូចជា៖ គ្រឿងសមុទ្រស្រស់ ប្រហិត សាច់ប៉ាតេ ផ្អកម៉ាំ ប្រហុក ជាដើម ដើម្បីយកមកធ្វើវិភាគបឋមរកសារធាតុគីមី ដែលច្បាប់ហាមឃាត់ នាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងអ្នកប្រើប្រាស់។
* ជាលទ្ធផលក្រោយពីបានធ្វើវិភាគបឋមនៅនឹងកន្លែងដោយមន្ត្រីមន្ទីរពិសោធន៍ ពុំមានឃើញសារធាតុគីមីហាមឃាត់ណា នៅក្នុងផលិតផលខាងលើឡើយ ។
មន្រ្តីកាំកុងត្រូលក៏បានធ្វើការអប់រំ ផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ក៏ដូចជាការប្រឈមមុខនឹងច្បាប់ចំពោះអាជីវករណា ដែលបាននាំយក និងទទួលមកដាក់លក់នូវរាល់មុខទំនិញដែលគ្មានគុណភាព និងគ្មានប្រភពដើមច្បាស់លាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។