មិន​ខ្វល់​ពី​ការព្រមាន កូរ៉េខាងជើង​សាកល្បង​មី​ស៊ី​ល​លើក​ទី​៦ ក្នុង​ខែមករា​ឆ្នាំ​២០២២

​នៅ​ព្រឹក​ថ្ងៃទី ២៧​ខែមករា កម្លាំង​ទាហាន​កូរ៉េខាងត្បូង បានប្រកាស​ឲ្យ​ដឹងថា កូរ៉េខាងជើង​ទើបតែ​បាន​សាកល្បង​មី​ស៊ី​ល ពីរ​គ្រប់​បន្ថែមទៀត​ទៅកាន់​តំបន់​សមុទ្រ​ភាគ​ខាងកើត​។

​នៅក្នុង​សេចក្តីប្រកាស គណ​ទីបញ្ជាការ​កម្លាំង​ទាហាន​ចម្រុះ​អាមេរិក JCS បាន​បញ្ជាក់ថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ចេញពី​ទីក្រុង Hamhung ទៅកាន់​តំបន់​សមុទ្រ​ភាគ​ខាងកើត​ប្រទេស​នេះ​នៅវេលា​ម៉ោង ៨​ព្រឹក​ថ្ងៃទី ២៧​ខែមករា​។​

​ទីភ្នាក់ងារសារព័ត៌មាន Yonhap នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែមករា ឆ្នាំ​២០២២ បាន​ផ្សាយ​ថា ប្រភពពី​យោធា​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា ប្រទេស​កូរ៉េខាងជើង បាន​បាញ់​តេស្ត​មី​ស៊ី​ល​ចំនួន ២​គ្រាប់​ទៀតហើយ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​វា​ក៏​ជា​លើក​ទី ៦ ផងដែរ​សម្រាប់​ខែមករា​ដើមឆ្នាំ ២០២២​។​

​បើតាម​ប្រភព​ដដែល មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​ទើប​បាញ់​តេស្ត​នេះ គឺជា​ប្រភេទ​មី​ស៊ី​ល​បាលី​ស្ទីក (ballistic missiles) ។ បើតាម​ប្រភពពី​ប្រទេស​ជប៉ុន​វិញ គ្រាប់​មី​ស៊ី​ល​កូរ៉េខាងជើង​ខាងលើនេះ ទំនងជា​បាន​ធ្លាក់​នៅ​តំបន់​ដែនទឹក​សេដ្ឋកិច្ច​ផ្តាច់មុខ (EEZ) នៃ​សមុទ្រ​ជប៉ុន​។​

​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅក្នុង​កិច្ចប្រជុំ​គណបក្ស​លោក ដើម្បី​បើក​ទំព័រ​ឆ្នាំ ២០២២ នោះបាន​ប្តេជ្ញា​ថា នឹង​បង្កើន​សមត្ថភាព​យោធា​កូរ៉េខាងជើង​បន្ថែមទៀត ដើម្បី​ទប់ទល់​នឹង​សហរដ្ឋអាមេរិក ហើយ​លោក​ក៏បាន​បង្ហើប អំពី​ការចាប់ផ្តើម​ឡើងវិញ នូវ​សកម្មភាព​ទាំងឡាយ ដែល​ត្រូវបាន​ផ្អាក​កន្លងមកនេះ​ផងដែរ​។ ប្រការនេះ​បាន​នាំ​ឲ្យ​អន្តរជាតិ នឹកឃើញ​ដល់​ការធ្វើ​តេស្ត អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប (ICBM)៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close