ផ្លូវនិងស្ពានតភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវ៣៧១ បើកការដ្ឋានហើយ
ផ្លូវ និងស្ពានដែលតភ្ជាប់ពីផ្លូវជាតិលេខ២ ទៅកាន់ផ្លូវ៣៧១ ដែលមានឈ្មោះថា ផ្លូវអ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុន នាង ត្រូវបានបើការដ្ឋានស្ថាបនាហើយកាលពីរសៀលថ្ងៃទី២៦ តុលា ម្សិលមិញ នៅក្នុងអភិវឌ្ឍតំបន់ជើងឯក ខណ្ឌមានជ័យ។
គម្រោងស្ថាបនា មហាវិថីអ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង មានទទឹង ៣០ម៉ែត្រ ទ្រូងផ្លូវ ១៨ម៉ែត្រ ប្រវែង ២៨៧០ម៉ែត្រ និងការស្ថាបនាស្ពានឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុននាង ដែលមានប្រវែង ៨០ម៉ែត្រ ទទឹង ១៨ម៉ែត្រ រួមនឹងការដាក់លូទំហំជាង ២ម៉ែត្រផងដែរ។
កំណាត់ផ្លូវនិងស្ពានថ្មីនេះចេញពីផ្លូវជាតិលេខ២ ទៅផ្លូវ៣៧១ ពោលគឺចាប់ផ្តើមពីផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាត់មហាវិថីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវ៣៧១ មុខផ្សារប៉េសេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអះអាងថា៖មហាវិថីនេះ មានសារៈសំខាន់ក្នុងការរំដោះចរាចរចេញពីផ្លូវជាតិលេខ២ ទៅផ្លូវ៣៧១ ដោយឆ្លងកាត់តំបន់អភិវឌ្ឍន៍បឹងទំពុន_ជើងឯក ដែលជាតំបន់អភិវឌ្ឍន៍ទីក្រុងរណបទីក្រុងបៃតង។ ផ្លូវថ្មីមួយខ្សែនេះ ត្រូវបានប្រសិទ្ធនាមថា មហាវិថីព្រះឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុននាង ហើយការសាងសង់ផ្លូវមួយខ្សែថ្មីនេះ មានគោលបំណង២ ទី១ ដើម្បីអនុវត្តន៍គម្រោងប្លង់មេ នៃតំបន់អភិវឌ្ឍន៍ជើងឯក និងទី២ ដើម្បីរៀបចំនិងសម្រួលឲ្យមានចរន្តសរសៃឈាមនៃការធ្វើចរាចរណ៍បានល្អប្រសើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។