រដ្ឋបាលសាលាខេត្តព្រះសីហនុចេញសេចក្តីប្រកាសព័ត៌ មានច្រានចោលជាផ្លូវការ ចំពោះរូបភាពនារីងូតទឹក​សមុទ្រ​អាក្រាតកាយ គឺមិនមែននៅកម្ពុជាឡើយ

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីប្រកាសព័ត៌មាន​ជាផ្លូវការ ជូនដល់សាធារណជន និងអ្នកសារព័ត៌មាន ដោយច្រានចោលទាំងស្រុងចំពោះការបង្ហោះរូបភាព នារីអាក្រាតកាយ ដើរឆ្នេរ និងងូតទឹកសមុទ្រលេងកម្សាន្ដ មិនមែនជាករណីកើតឡើង នៅឆ្នេរក្នុងខេត្តព្រះសីហនុនោះឡើយ។

រដ្ឋបាលសាលាខេត្តព្រះសីហនុ បានបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងមកនេះមានបណ្ដាញសង្គម Facebook បានបង្ហោះរូបភាពនារីអាក្រាតកាយដើរលើឆ្នេរ និងងូតទឹកសមុទ្រលេងកម្សាន្ដ ដោយមហាជនច្រើនកុះករ នៅទីនោះ លើកឡើងថា ស្ថិតនៅឆ្នេរក្នុងខេត្ដព្រះសីហនុ ដូច្នេះបញ្ហានេះ រដ្ឋបាលខេត្តបានចាត់ការស្រាវជ្រាវ ជាលទ្ធផល ពិនិត្យឃើញថារូបភាពនេះ មិនស្ថិតនៅឆ្នេរក្នុងខេត្តព្រះសីហនុនោះឡើយ។

ជាមួយគ្នានេះបន្ថែមលើសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះថា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់មកកាន់បណ្តាញព័ត៌មាន ចំពោះរូបភាពនារីងូតទឹក​សមុទ្រ​អាក្រាតកាយ ដែលត្រូវបានបង្ហោះ និងចែកចាយពេញបណ្តាញសង្គម Facebook នោះ គឺមិនមែននៅកម្ពុជាឡើយ ដូច្នេះសូមសាធារណជនទាំងអស់កុំមានការភ័ន្តច្រឡំតទៅទៀត។

ការចេញមកបញ្ជាក់របស់អភិបាលខេត្តព្រះសីហនុ ខាងលើនេះ បានធ្វើឡើងដោយសារតែរូបភាពនារីងូតទឹកសមុទ្រអាក្រាតកាយ នៅតែបន្តបង្ហោះ និងចែកចាយតាមបណ្តាញសង្គម Facebook រហូតមកដល់ពេលនេះ និងក៏នៅតែមានអ្នកខ្លះបន្តយល់ច្រឡំជាករណីកើតឡើង នៅខេត្តព្រះសីហនុ ដូច្នេះលោក យន្ត​ មីន សូមប្រកាសជាផ្លូវការថា ក្រោយការស្រាវជ្រាវ និងសួរនាំគ្រប់ជ្រុងជ្រោយ មកនោះ គឺរូបភាពទាំងនេះមិនមែនកើតឡើង ក្នុងទឹកសមុទ្រនៃខេត្តព្រះសីហនុ ប្រទេសកម្ពុជានោះទេ។

សូមបញ្ជាក់ថា នៅពេល​ថ្មីៗនេះ មានការចែកចាយតៗគ្នា​ជាច្រើន នៅលើបណ្ដាញសង្គម Facebook ពាក់ព័ន្ធទៅនឹងរូបថតប៉ុន្មានសន្លឹក បង្ហាញពីនារីអាក្រាតកាយលេងទឹកសមុទ្រ ដែលគេថា នៅប្រទេសវៀតណាម និងជានារីជនជាតិចិន បានបង្កឲ្យមានការរិះគន់ និងយល់ច្រឡំជាខ្លាំង ដោយថាកើតឡើងនៅខេត្តព្រះសីហនុ។ក្រោយទទួលបានព័ត៌មានច្បាស់ការ និងមានរូបភាពជាច្រើនទៀតបញ្ជាក់ថា រូបភាពនេះមិនមែនកើតឡើងនៅខេត្តព្រះសីហនុរួចមក លោក យន្ត មីន បានក៏បង្ហាញនូវភាពហួសចិត្ត ​ក៏ដូចជា ការអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ​បញ្ចប់ការចែកចាយ និងសរសេថា កើតឡើងនៅខេត្តព្រះសីហនុតទៅទៀត។ អភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្តាញព័ត៌មាន និងបានបង្ហោះតាម Facebook ផ្លូវការររបស់លោក យ៉ាងដូចច្នេះថា «បងប្អូន​ដែលព្យាយាមបង្ហោះរឿងអាក្រក់ៗ របស់ខេត្តព្រះសីហនុ ថ្ងៃនេះ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសុំបងប្អូនមេត្តាគិតពីប្រយោជន៍រួមជាធំ។ រឿងអាក្រក់នេះកើតនៅគេសោះ បងប្អូនខ្លះបែរជាថា នៅខេត្តព្រះសីហនុវិញ និងមានរឿងបែបនេះច្រើនទៀត។ អ្នកដទៃឈ្នានីសយើង វាជារឿងធម្មតា តែបងប្អូនមេត្តាកុំឈ្នានីសជាតិឯង កុំឈ្នានីសខេត្តយើង សង្គមយើងអី ត្បិតខេត្តនេះ​ សង្គមនេះ ក៏ជាចំណែករបស់បងប្អូនដែរ។ គួរពុំគួរសូមបងប្អូនមេត្តាអភ័យទោស»។ គួរបញ្ជាក់ដែរថា សាររបស់​លោកអភិបាលខេត្តព្រះសីហនុនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ជាច្រើនបានចែកចាយបន្ត និងចូល Comment ដែលក្នុងចំណោម​នោះ ភាគច្រើនផ្តល់ការលើកទឹកចិត្ត ដល់លោកអភិបាលខេត្ត ហើយមានអ្នកប្រឆាំងតិចតួចប៉ុណ្ណោះ។ ប៉ុន្តែចំណុចដែលគួរកត់សំគាល់នោះ លោកបានឆ្លើយតបទៅវិញជាច្រើន ហើយក្នុងការឆ្លើយតបទៅអ្នកប្រឆាំងលោកបានបង្ហាញពីសារសំខាន់ នៃការចូលរួមរិះគន់ដើម្បីស្ថាបនាជានិច្ច។ ឆ្លើយតបទៅនឹងបញ្ហាទាំង លោកបានស្នើសុំប្រជាពលរដ្ឋផ្ទាល់គួរមានទំនុកចិត្ត ចំពោះអាជ្ញាធរដោយទុកឱកាសឲ្យអាជ្ញាធរដោះស្រាយ លើបញ្ហាដោយក្នុងនោះ លោកបានបញ្ជាក់ថា រាល់ការសម្រេចនានា គឺអាជ្ញាធរមានទំនួលខុសត្រូវ ដោយមានការថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីជាប្រយោជន៍រួម សម្រាប់សង្គមជាតិទាំងមូល។ លោកអភិបាលខេត្តព្រះសីហនុ បានប្រកាសទទួលយកមតិយោបល់ និងរាល់ការរិះគន់ទាំងឡាយ ក្នុងន័យស្ថាបនា ដើម្បីប្រយោជន៍ជារួម សម្រាប់សង្គមជាតិទាំងមូល តាមរយៈបណ្តាញសង្គម Facebook របស់លោកផ្ទាល់ ហើយកន្លងមកគេសង្កេតឃើញថា លោកក៏បានឆ្លើយតប ដោយផ្ទាល់នូវរាល់សំណួរ និងការលើកឡើងរបស់ពលរដ្ឋដែលបានចោទសួរផងដែរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close