ទីម័រខាងកើត ស្នើ​កម្ពុជា​ជួយ​ខ្លួនឲ្យ​បានចូលជាសមាជិកអាស៊ាន

ក្នុង​ជំនួប​ជាមួយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពី​​ថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២២ លោក​ស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានស្នើ​សុំ​កម្ពុជាក្នុងនាមជា​ប្រធានអាស៊ាន ជួយ​ទីម័រខាងកើត បានចូលជា​សមាជិកអាស៊ាន។

លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឲ្យដឹងថា ក្នុងជំនួបនោះ រដ្ឋមន្រ្តីការបរទេសទីម័រខាងកើតបានគោរពស្នើសុំសម្ដេចតេជោ ដើម្បីបញ្ជូនអ្នកបច្ចេកទេសទីម័រខាងកើតមកសិក្សាពីកម្ពុជា ពាក់ព័ន្ធនឹងការចូលខ្លួនទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក WTO និងការចូលខ្លួនទៅក្នុងសហគមន៍អាស៊ាន។ លើសពីនេះទៀត លោកស្រីក៏បានគោរពស្នើសុំសម្ដេចតេជោក្នុងនាមជាប្រធានអាស៊ានជួយប្រទេសទីម័រខាងកើតឲ្យបានចូលជាសមាជិកអាស៊ាន ហើយក៏បានគោរពស្នើសុំអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោផងដែរ ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

ចំពោះសំណើរបស់ទីម័រខាងកើត សុំចូលជាសមាជិកអាស៊ាន សម្តេចតេជោបានមានប្រសាសន៍ថា សម្រាប់កម្ពុជាតែងតែគាំទ្រការចូលជាសមាជិករបស់ប្រទេសទីម័រខាងកើតហើយចំពោះមុខនេះ សម្ដេចតេជោក៏មានប្រសាសន៍ថា កម្ពុជានឹងបន្តជំរុញសសរស្ដម្ភសេដ្ឋកិច្ច និងសង្គមវប្បធម៌អាស៊ាន ខិតខំរៀបចំបេសកកម្មស្វែងរកការពិតនៅទីម័រខាងកើតឲ្យ​បានឆាប់ ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ និងរៀបចំផែនទីចង្អុលផ្លូវ ព្រមទាំងពេលវេលាច្បាស់លាស់សម្រាប់ប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ាន។

សូម​បញ្ជាក់ថា ទីម័រខាងកើត ឬទីម័រលេស្តេ ជាប្រទេសដែនកោះមួយនៅតំបន់អាស៉ីភាគអាគ្នេយ៍ ដែលទទួលបានឯករាជ្យពីប្រទេសឥណ្ឌូណេស៉ីនៅឆ្នាំ២០០២ បច្ចុប្បន្ន ទីម័រខាងកើត កំពុងបំពេញបែបបទស្នើសុំចូលជាសមាជិកអាស៊ាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close