សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី នៅ​ផ្លូវជាតិ​លេខ​៥ ក្នុង​ខណ្ឌឫស្សីកែវ​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយទៀត​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល និង​រំដោះ​ការកកស្ទះ​ចរាចរណ៍ ដែល​កំពុងមាន​កំណើន​ជា​រៀងរាល់​ថ្ងៃនោះ​។

​ស្ពាន​អាកាស​ដែល​បើក​ការដ្ឋាន​សាងសង់​ថ្មី​នេះ ស្ថិតនៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ប្រសប់​នៃ​ផ្លូវ​ត​ភ្ជាប់​ពី​ស្ពាន​ខ្សែកាប​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប ដែល​ត​ភ្ជាប់​រវាង​ផ្លូវជាតិ​លេខ​៥ និង​ទីក្រុង​រណប​ជ្រោយចង្វា​។ ស្ពាន​អាកាស​នេះ មាន​បណ្តោយ​សរុប​ប្រវែង ៤៨៣​ម៉ែត្រ (​បណ្តោយ​ស្ពាន​អាកាស ១៤៥​ម៉ែត្រ និង​ផ្លូវ​គល់ស្ពាន​សងខាង ៣៣៨​ម៉ែត្រ​), មាន​ទទឹង ១៥.៨​ម៉ែត្រ​។ គ្រោង​ចំណាយ​ថវិកា​សាងសង់​ជិត ១០​លាន​ដុល្លារ​អាមេរិក​។

​គម្រោង​ស្ពាន​អាកាស​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អនិកជន​កម្ពុជា (OCIC) ដោយ​ប្រើ​រយៈពេល​ប្រមាណ ១៥​ខែ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close