ADB ផ្តល់ជំនួយ​ជិត ៧​លាន​ដុល្លារ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ និង​ផលិតកម្ម​ស្រូវ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាស​អនុម័ត​ផ្តល់ជំនួយ​ចំនួន​ពីរ មានតម្លៃ​សរុប ៦.៨​លាន​ដុល្លារ ដើម្បី​ជួយ​ស្តារ​វិស័យ​ទេសចរណ៍ លើកស្ទួយ គុណភាព​និង​ផលិតកម្ម​ស្រូវ ព្រមទាំង​ពង្រឹង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ស្រូវ​នៅ​កម្ពុជា ដែល​រង​ផលប៉ះពាល់​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។

​សេចក្ដីប្រកាស​នោះ បាន​ឲ្យ​ដឹងថា កញ្ចប់​ជំនួយ​ទីមួយ​មានតម្លៃ ៣.៧​លាន​ដុល្លារ ត្រូវបាន​គេ​រំពឹងថា នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់ ប្រជា​សហគមន៍​ចំនួន​៤,០០០​នាក់ តាមរយៈ​គម្រោង​ស្តារ​សហគមន៍​ទេសចរណ៍​សម្រាប់​ការ​ងើបឡើង​វិញ ពី​កូ​វីដ​១៩ ហើយ​វា​គ្របដណ្តប់​តំបន់​ក្បែរ​ប្រាសាទ​បេតិកភណ្ឌ​ព្រះវិហារ ក្នុង​ខេត្តព្រះវិហារ និង​ប្រាសាទ ភ្នំ​ដា​ក្នុង​ខេត្តតាកែវ​។ ប្រមាណ​៣​លាន​ដុល្លារ នៃ​ជំនួយ​នេះ ត្រូវបាន​ផ្តល់​ដោយ​មូលនិធិ​ជប៉ុន​សម្រាប់ ភាពរុងរឿង និង​ភាព​ធន់​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក (the Japan Fund for Prosperous and Resilient Asia and the Pacific)​។​

​កញ្ចប់​ជំនួយ​មួយទៀត មានតម្លៃ ៣.៩​លាន​ដុល្លារ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កសិករ​ខ្នាតតូច ចំនួន ២២,០០០​នាក់​។ វា​ជាការ​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ស្រូវ ដែល​ធន់​នឹង​អាកាសធាតុ​នៅក្នុង​ខេត្តបាត់ដំបង កំពង់ធំ និង​ព្រៃវែង​។ ប្រមាណ ៣.៨​លាន​ដុល្លារ​នៃ​ជំនួយ​នេះ បានមកពី​កម្មវិធី​កសិកម្ម និង​សន្តិសុខ​ស្បៀង​សកល (the Global Agriculture and Food Security Program) ដែលជា​មូលនិធិ​សកល​មាន​គោលបំណង កាត់បន្ថយ​ភាពអត់ឃ្លាន និង​កែលម្អ​អាហារូបត្ថម្ភ​នៅក្នុង​ប្រទេស​ដែលមាន​ចំណូល​ទាប​។​

​លោក Anthony Gill នាយក​ស្តីទី ធានា​គារ​អភិវឌ្ឍន៍អាស៊ី ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងថា «​កញ្ចប់​ជំនួយ​ទីមួយ នឹង​ជួយ​សហគមន៍​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និង​សេវាកម្ម អតិថិជន ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន និង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់​។ កញ្ចប់​ជំនួយ​ទី​ពីរ នឹង​ជួយ​កសិករ​ដំណាំ​ស្រូវ​នៅ​កម្ពុជា បង្កើន​ប្រាក់ចំណូល និង​ភាព​ធន់​នឹង​អាកាសធាតុ​តាមរយៈ​ការដោះស្រាយ បញ្ហា​រំខាន​ផ្នែក​ដឹកជញ្ជូន និង​សង្វាក់​ផ្គត់ផ្គង់ ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​១៩»​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញា​ថា​នឹង​សម្រេច​ឲ្យ​បាន​នូវ​វិបុលភាព បរិ​យា​ប័ន្ន ភាព​ធន់ និង​និរន្តរភាព ក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ស្រប​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង ដើម្បី​លុបបំបាត់​ភាពក្រីក្រ​ខ្លាំង​។ បង្កើតឡើង​នៅ​ឆ្នាំ​១៩៦៦ ធនាគារ​នេះ​គ្រប់គ្រង​ដោយ​សមាជិក​ចំនួន​៦៨​ប្រទេស ដែល​ក្នុងនោះ​មាន ៤៩​ប្រទេស មកពី​តំបន់​ខាងលើនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close