អគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្តើមត្រួតពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ចាប់ពីថ្ងៃទី១ កុម្ភៈ តទៅ!
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ក្រុមការងារចម្រុះ រាជធានីខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២១ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានីខេត្ត ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ តទៅ។
តាមសេចក្តីជូនដំណឹង ក្នុងករណីម្ចាស់យានយន្តខកខានមិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ កន្លងទៅ សូមមេត្តារួសរាន់ អញ្ជើញទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ឬនៅធនាគារអេស៊ីលីដា ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ឬនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារ ស្ថាបនា ឬនៅធនាគារ ប្រៃសណីយ៍កម្ពុជា ឬនៅធនាគារវឌ្ឍនៈ អាស៊ីចំកាត់ ( ABA ) ឬអាចបង់តាមរយៈកម្មវិធី «GDT Taxpayer App» ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្ត ដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទកន្លងមក។
សូមរម្លឹកថា អគ្គនាយកដ្ឋានពន្ធដារ បានកំណត់រយៈពេលបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២១ ចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
ប៉ុន្តែនៅពេលផុតកំណត់ ហើយក្រុមការងារចម្រុះ នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធផ្លូវ ចាប់ពីថ្ងៃទី១ ខែកុម្ភៈតទៅនេះ ក៏អគ្គនាយកដ្ឋានពន្ធដារ នៅតែអនុញ្ញាតឲ្យម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បង់ពន្ធ អាចទៅបង់ពន្ធ រួមទាំងបង់ប្រាក់ពិន័យ នៅតាមអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្តខណ្ឌ ឬនៅធនាគារជាដៃគូ ដូចផ្សាយជូនខាងលើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។