អ្នកជំនាញ រកឃើញវីរុសបំប្លែងថ្មីមួយទៀត ជាកូនរបស់អូមីក្រុង
មានការរកឃើញវីរុសបំប្លែងថ្មីមួយទៀត ដោយគេហៅថា ជាកូនប្រុសរបស់ពពួកអូមីក្រុង ហើយឥទ្ធិពលក៏ខ្លាំងដែរ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបរទេស។
ទីភ្នាក់ងារសារព័ត៍មាន Daily Mail បានចេញផ្សាយកាលពីថ្ងៃទី៣១ មករា ២០២២ម្សិលមិញថា អូស្ត្រាលី បានប្រកាសរកឃើញមេរោគបំប្លែងថ្មីប្រភេទ BA.2 ដែលត្រូវបានគេឱ្យឈ្មោះថាជា កូនប្រុសរបស់អូមីក្រុង ឬ Son of Omicron។ ប្រភពថា វីរុសកូវីដបំប្លែងថ្មីនេះ បានឆ្លងរាលដាលទៅនៅប្រទេសក្នុងតំបន់អឺរ៉ុប និង ឆ្លងខ្លាំងក្នុងប្រទេសដាណឺម៉ាក។
ជាបឋមអ្នកវិទ្យាសាស្ត្របានអះអាងថាវីរុសដែលគេឱ្យឈ្មោះថាជា “កូនប្រុសរបស់អូមីក្រុង” គឺមិនបង្កគ្រោះថ្នាក់ខ្លាំងនោះទេ ដោយវាមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងវីរុសដើម អូមីក្រុង។ ប៉ុន្តែវីរុសនេះ ទាល់តែប្រើការវិភាគនៅក្នុងមន្ទីរពិសោធន៍ ទើបអាចរកឃើញ ហើយប្រសិនបើធ្វើតេស្តតាមម៉ាស៊ីន PCR គឺពិបាកបន្តិច។
ក្នុងនោះមានប្រទេស ៣ផ្សេងទៀតរួមមាន ចក្រភពអង់គ្លេស ស៊ុយអែត និងន័រវេស សុទ្ធតែបានរាយការណ៍ថា បានរកឃើញអ្នកផ្ទុកវីរុសកូវីដបំប្លែងថ្មី នៅក្នុងប្រទេសរបស់ខ្លួន។ មកទល់ពេលនេះ អ្វីៗកំពុងស្ថិតនៅក្នុងការសិក្សានៅឡើយ ដោយមិនទាន់មានទិន្នន័យណាច្បាស់លាស់ បញ្ជាក់ថា Son of Omicron មានឥទ្ធិពលជាង Omicron នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។