មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ប្រកាសប្រគល់រង្វាន់ជ័យលាភី៥ក្រុម នៅក្នុងមហោស្រពភាពយន្តខ្លីចតុមុខ
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) ដែលជាអង្គការគាំទ្រ ទាំងបច្ចេកទេសច្បាប់ និងហិរញ្ញវត្ថុដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការដោះស្រាយវិវាទការងារឲ្យបានឆាប់រហ័ស និងឯករាជ្យ បានសហការណ៍ជាមួយក្រុមភាពយន្តឈូករ័ត្នរៀបចំពិធីប្រគល់ពានរង្វាន់ជូនដល់ជ័យលាភីការប្រកួតប្រជែងភាពយន្តខ្លី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តខ្លីចតុមុខ នាសាលចតុម្មុខ។
ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាស្ថាប័នមួយជួយដោះស្រាយវិវាទរវាងកម្មករនិងថៅកែ ធ្លាប់បានប្រកាសទទួលយកភាពយន្តខ្លីពីសមិទ្ធករ បានមកដល់រដូវកាលទី២ និងមានភាពយន្តមួយចំនួនត្រូវបានជាប់ជាជ័យលាភី នាឱកាសបើកមហោស្រពភាពយន្តខ្លីផងនោះ ក៏មានការប្រកាសជ័យលាភីនាក្នុងពេលនោះផងដែរ។
ក្នុងការប្រកាសនោះមានភាពយន្តខ្លីចំនួនប្រាំបានទទួលពានរង្វាន់ក្នុងនោះមានដូចជារឿង អ្នកណាជួយខ្ញុំ ទទួលបានរង្វាន់លើកទឹកចិត្ត ៦០ ម៉ឺនរៀល វីដេអូស្តីពីការចូលរួមចំណែករបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងវិស័យការងារកម្ពុជា ទទួលបានពានរង្វាន់លើកទឹកចិត្ត ៦០ម៉ឺនរៀល រឿងខឹងខុសខឹងខាត ជ័យលាភីលេខ៣ ២លានរៀល សំឡេងវិទ្យុជ័យលាភីលេខ ២ ២លាន៨០ម៉ឺនរៀល និងរឿងបន្ទប់ជួល ជ័យលាភីលេខ១ ៤លានរៀល។
សូមបញ្ជាក់ថា នេះគឺជារដូវកាលទី២ហើយរបស់ មូលនិធីក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលមានបំណងលើកកំពស់ការយល់ដឹងដល់សាធារណជន ចំពោះយន្តការដោះស្រាយវិវាទប្រកបដោយសន្តិវិធី ដើម្បីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ ហើយការប្រកួតប្រជែងនេះ ក៏មានការសហការណ៍ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទីភ្នាក់ងារការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) និងភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិនៃប្រេសស៊ុយអ៊ែត(SIDA) ក្រុមហ៊ុន GAP Inc. និងមូលនិធិ Levi Strauss ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។