សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានសមាគម ជប៉ុន-កម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តម Takahashi Fumaiki បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី និងបានវាយតំលៃខ្ពស់ ចំពោះចំណាត់ការរបស់សម្ដេចតេជោ និងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
ឯកឧត្តមបានសំដែងនូវការអបអរសាទរ និងគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ដើម្បីនាំប្រតិភូអ្នកវិនិយោគធុនកណ្ដាល មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងខែមេសាខាងមុខ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានគោរពស្នើសុំសម្ដេចតេជោ ប្រគល់ទីតាំងដីមួយកន្លែងជូនសម្ដេចតេជោដើម្បីរៀបចំធ្វើជាសួនអនុស្សាវរីយ៍ កម្ពុជា-ជប៉ុន ហើយនឹងដាក់ឈ្មោះថាសួន PKO សម្រាប់សាធារណៈជនប្រើប្រាស់ផង និងសម្រាប់ជាតំណាងទំនាក់ទំនង កម្ពុជានិងជប៉ុនផង ។ លើសពីនេះទៅទៀតឯកឧត្តមក៏បាន គោរពដ៏ខ្ពង់ខ្ពស់ស្នើសុំសម្ដេចតេជោនាយករដ្ឋមន្ត្រី ពិនិត្យលទ្ធភាព ការដោះស្រាយបញ្ហាទឹកជំនន់ព្រែកត្នោត ដែលឯកឧត្តមបានធ្វើការដោះស្រាយ មួយចំនួនរួចហើយ។
ការឆ្លើយតប សម្ដេចតេជោ សែនបាន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Takahashi Fumaiki ហើយបានជម្រាបជូនទៅឯកឧត្តម អំពីវិធានការ និងចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩នៅកម្ពុជា ។ សម្តេចតេជោបានស្វាគមន៍ចំពោះគណៈប្រតិភូ អ្នកវិនិយោគ ធុនកណ្ដាល ដែលឯកឧត្តមមានបំណងនាំមកកម្ពុជា។
សម្ដេចតេជោក៏បានទទួលស្វាគមន៍ និងសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម ក្នុងការរៀបចំឲ្យមានជាសួនសាធារណៈ សម្រាប់អនុស្សាវរីយ៍រវាង កម្ពុជា និងជប៉ុន ដែលបានដាក់ឈ្មោះថាសួន PKO ហើយសម្ដេចតេជោក៏បានណែនាំទៅដល់ឯកឧត្តម សុខ ចិន្តាសោភា ដើម្បីធ្វើការងារនេះបន្ត ជាមួយនឹងសាលារាជធានីភ្នំពេញ។
ពាក់ព័ន្ធទៅនឹងការការពារទឹកជំនន់ស្ទឹងព្រែកត្នោត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការណែនាំជូនឯកឧត្តម សុខ ចិន្តាសោភា ផងដែរ សូមឱ្យឯកឧត្តម សហការសម្របសម្រួលជាមួយឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម គឺ ឯកឧត្តម លឹម គានហោ និងស្ថាប័នពាក់ព័ន្ធ ដទៃទៀត ក្នុងការអនុញ្ញាតឱ្យប្រតិភូ របស់ ឯកឧត្តម Takahashi Fumaiki ដើម្បីធ្វើបទបង្ហាញ ពាក់ព័ន្ធនឹងករណីនេះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។