UAE វាយ​ស្ទាក់​រ៉ុក្កែត​បាញ់​ចេញពី​ប្រទេស​យេ​ម៉ែន​

​នេះ​ជា​លើក​ទី​បី​ហើយ​ក្នុង​រយៈពេល​១​ខែ​កន្លងមក​ដែល​ក្រុម​ឧទ្ទាម​ហូ​ធី វាយប្រហារ​ទៅលើ​ប្រទេស​អារ៉ាប់​រួម ក្នុងនោះ​មាន​ពីរលើក​វាយប្រហារ​សម្លាប់​មនុស្ស ៣​នាក់​។​

​ប្រទេស​អារ៉ាប់​រួម UAE នៅ​ថ្ងៃទី ៣១​ខែមករា បានប្រកាសថា ក្រុម​ឧទ្ទាម​ហូ​ធី គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់ បាន​បាញ់​រ៉ុក្កែត ទៅលើ​ប្រទេស​នេះ​ក្នុងពេលដែល​ប្រធានាធិបតី​អ៊ីស្រាអែល លោក Isaac Herzog បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​។​

​កាំជ្រួច​មី​ស៊ី​ល​ដែល​វាយប្រហារ​នោះ ត្រូវបាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់ UAE វាយ​ស្ទា​ក់បាន​ដោយ​ជោគជ័យ​នៅ​ពាក់​កណ្តាលយប់ ។ បំណែក​រ៉ុក្កែត​បាន​ធ្លាក់​នៅក្នុង​តំបន់​ដែល​មិនមាន​មនុស្ស​រស់នៅ ទើប​មិនមាន​អ្នកស្លាប់​និង​របួស​។​

​ភ្លាមៗ​នោះ UAE បាន​វាយបក​វិញ​តាម​ដែនអាកាស​ទៅលើ​ទីតាំង​ដែល​រ៉ុក្កែត​បាញ់​ចេញ​នៅក្នុង​តំបន់ Al Jawf ក្នុងប្រទេស​យ៉េ​មែន​។ ការវាយប្រហារ​ចំពេល​ប្រធានាធិបតី អ៊ីស្រាអែល​បំពេញ​ទស្សនកិច្ច ហើយ​ជួបពិភាក្សា ជាមួយ​រាជទាយាទ Sheikh Mohammed bin Zayed Al Nahyan ។ អ្នកនាំពាក្យ​ក្រុម​ហ៊ូ​ធី​បាន​បញ្ជាក់ថា ការវាយប្រហារ​គឺ​ដើម្បី​បំផ្លាញ់​ដំណើរ​ទស្សនកិច្ច របស់​ប្រធានាធិបតី​។​

​នេះ​ជាការ​វាយប្រហារ​លើក​ទី​បី​ហើយ​ទៅលើ​ប្រទេស​អារ៉ាប់​រួម​ក្នុង​រយៈពេល ២​សប្តាហ៍​ចុងក្រោយ​នេះ​។ កន្លងមក​ក្រុម​ហ៊ូ​ធី​ក៏បាន​វាយប្រហារ​ទៅលើ​ទីតាំង ក្នុង​ទីក្រុង Abu Dhabi និង Dubai បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close