នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជាតិវៀតណាម ៦នាក់ ពាក់ព័ន្ធនឹងបង្ខាំងមនុស្សជំរិតទារប្រាក់ និង សន្និធិអាវុធខុសច្បាប់
ខេត្តព្រះសីហនុ៖ លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ថា កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ (ស្រី ១នាក់) ជាជនជាតិវៀតណាម ពាក់ព័ន្ធនឹងករណី ចាប់ឃុំឃាំង ធ្វើទារុណកម្ម, បង្ខាំងមនុស្សជំរិតទារប្រាក់ និង សន្និធិអាវុធខុសច្បាប់។
លោកស្នងការខេត្ត បានឲ្យដឹងទៀតថា ខណៈដែលកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដាក់ប៉ារ៉ាសត្រួតពិនិត្យពង្រឹងច្បាប់ចរាចរ នៅចំណុច ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7054 បើកយ៉ាងលឿន និងបានបើកបុកប៉ារ៉ាសត្រួតពិនិត្យ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការណ៍ជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្ទាក់រថយន្តខាងលើដើម្បីត្រួតពិនិត្យ ជាលទ្ធផលក្នុងការឆែកឆេរ សមត្ថកិច្ចយើងបានរកឃើញ កាំភ្លើងហ្គាស ២ដើម, ខ្នោះដៃចំនួន ១១គូ, ដំបងឆក់ ២ដើម និង ពិលឆក់ ៣ដើម និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៦នាក់ (ស្រី ១នាក់) ជនជាតិវៀតណាម ។
បន្ទាប់ពីធ្វើការសួរនាំ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅចំណុច ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យទាំង ០៦នាក់ (ស្រី ១នាក់) បានធ្វើសកម្មភាព ចាប់ឃុំឃាំង,ធ្វើទារុណកម្ម និងបង្ខាំងមនុស្សជំរិតទារប្រាក់ លើនារីជនជាតិវៀតណាម ៣នាក់ បានប្រាក់ជាង ៣៥,០០០ដុល្លារអាមេរិក រួចគេចមកខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ច ឃាត់ចាប់ខ្លួនតែម្តង។
ជនសង្ស័យទាំង ០៦នាក់នោះ ឈ្មោះ ១-ឈ្មោះ Lam Thi Da Ni ហៅ មៃ ចាន់ធូ ភេទស្រី អាយុ២៦ឆ្នាំ, ២-ឈ្មោះ NguYen Cong Danh ភេទប្រុស អាយុ២៦ឆ្នាំ, ៣-ឈ្មោះ Pham Van Thiy ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម, ៤-ឈ្មោះ Ngo Tri Ha ភេទប្រុស អាយុ៣១ឆ្នាំ, ៥-ឈ្មោះ Teunh Van Quy ភេទប្រុស អាយុ២៩ឆ្នាំ និង៦-ឈ្មោះ Le Van Chien ភេទប្រុស អាយុ២៣ឆ្នាំ, ជនសង្ស័យជាជនជាតិវៀតណាមទាំងអស់។
ចំណែកវត្ថុតាង ចាប់បានរួមមាន៖ រថយន្ត ១គ្រឿង កាំភ្លើងហ្គាស ២ដើម ខ្នោះដៃចំនួន ១១គូ ដំបងឆក់ ២ដើម និងពិលឆក់ ៣ដើម។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តស្រាវជ្រាវ និងអនុវត្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។