អាជ្ញាធរ​ស្រុក​សំពៅ​លូន បញ្ជូន​ពលករ​ខ្មែរ ៤៥​នាក់​បន្ថែមទៀត ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​

​ខេត្តបាត់ដំបង​៖ អាជ្ញាធរ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន នៃ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បានសម្រេច​ធ្វើការ​បញ្ជូន​ពលករ​ខ្មែរ​ចំនួន​៤៥​នាក់ ក្នុងចំណោម​ពលករ​ចំនួន​៨០​នាក់ ដែល​ខាង​ភាគី​ថៃ​បញ្ជូនមក​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២​នេះ ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុងភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។​

​ការបញ្ជូន​ពលករ​ទាំង​៤៥​នាក់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នាពេលនេះ​ធ្វើឡើង បន្ទាប់ពី​ខាង​ភាគី​ថៃ បាន​បញ្ជូន​ពលករ​ខ្មែរ​ចូលមក​ប្រទេស​កម្ពុជា​វិញ ត្រង់​ភូមិសាស្ត្រ ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង និង​បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​រកឃើញ​ពួកគាត់​មាន​កាត​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ហើយ តែ​ស្កែ​ន​មិន​ចេញ​ទិន្នន័យ ។​

​នេះ​បើតាម​ការ​ផ្តល់ព័ត៌មាន​ពី​នាយការិយាល័យ​ផ្សព្វ​ផ្សារ​អប់រំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក​វរៈសេនីយ៍ឯក សួន ស៊ីរ៉ា នៅ​រសៀល​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២២​នេះ ដោយ​លោក​បាន​បញ្ជាក់ទៀតថា ចំពោះ​ពលករ​ចំនួន​៣៥​នាក់ ដែលមាន​កាត​ចាក់​វ៉ាក់សាំង​បាន​ត្រឹមត្រូវ ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាត​ឲ្យ​វិល​ប្រ​ឡប់​ទៅ​មូលដ្ឋាន​រៀងៗ​ខ្លួន​វិញ​បន្ទាប់ពី​បាន​យក​សំណាក​ធ្វើតេស្ត​រហ័ស​ដោយ​ឧបករណ៍​តេស្ត Rapitest មាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់គ្នា ។​

​ជាមួយ​មន្ត្រី​ជំនាញ​សុខាភិបាល​របស់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តបាត់ដំបង បន្តធ្វើ​ការអំពាវនាវ​ដល់​ពលករ​ទាំងអស់ សូម​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​
​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ជាពិសេស​មេរោគ​បំប្លែង​ថ្មី អូរ​មី​ក្រុង ខណៈពេលដែល​ពលករ​ខ្មែរ​កំពុង​តែមាន​ចរន្ត​ហូរ​ចូល​តាម​ច្រកព្រំដែន​ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្តបាត់ដំបង ដែល​ត្រូវបាន​ភាគី​នៃ​ប្រទេស​ថៃ បញ្ជូន​មកជា​បន្តបន្ទាប់​នោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close