លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកពីការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានចេញសារក្រើនរំលឹក ពីការការពារការចម្លងវីរុសកូវីដ-១៩ និងរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។
លោកជំទាវ បន្តថា តាមការសង្កេតរួមឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួន មានការការពារការរីករាលដាលជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ប៉ុន្តែបងប្អូនមួយចំនួនទៀត ហាក់មានការធ្វេសប្រហែស និងមិនបានអនុវត្តវិធានការណ៍សុខាភិបាល ជាមួយគ្នានេះ មានបងប្អូនផ្សេងទៀតមិនបានការពារខ្លួនអោយបានត្រឹមត្រូវ ក្នុងបរិបទដែលកម្ពុជា កំពុងបើកសង្គម សេដ្ឋកិច្ច មានកន្លែងខ្លះអនុវត្តបានល្អ និងកន្លែងផ្សេងទៀតក៏មិនបានល្អ។
ទន្ទឹមនឹងនេះ ការឆ្លងរាលដាលកូវីដ១៩ អូមីក្រុង មានការចម្លងរៀងរាល់ថ្ងៃ ហើយរបាយការណ៍របស់ក្រសួងសុខាភិបាល ក៏បានចេញជារៀងរាល់ថ្ងៃដែរ នូវចំនួនប្រជាពលរដ្ឋដែលបានឆ្លង ហើយឥឡូវនេះ យើងត្រូវតែខិតខំទាំងអស់គ្នា នូវការធានារនិរន្តរភាព ក្នុងការរស់នៅរបស់យើងទាំងអស់គ្នា តាមបែបគន្លងថ្មី ជានិរន្តរ៍យូរអង្វែងតទៅ។
ជាមួយគ្នានេះដែរ លោកជំទាវ សូមឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់វិធានការ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជ។ លោកជំទាវ អំពាវនាវអោយប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាព ជៀសវាងការចម្លងកូវីដ១៩ ជាពិសេស ក្នុងឱកាសពិធីសែនដូនតា និងដើរកំសាន្តពេលចូលឆ្នាំចិន ក៏ដូចជារៀបចំពិធីផ្សេងៗ ដូចជាពិធីរៀបអាពាហ៍ពិពាហ៍ ឬពិធីជួបជុំគ្នាផ្សេងៗក្តី ត្រូវគោរពវិធានការការពារខ្លួនឱ្យបានជាប់លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។