តំបន់ការពារធម្មជាតិ​នៅ​កម្ពុជា ជា​ជម្រក​ដ៏​ប្រសើរ សម្រាប់​ការរស់នៅ នៃ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ និង​រងគ្រោះថ្នាក់​ជា​សាកល​

​ប្រើស​ស្បូវ (​ឈ្មោះ​អង់គ្លេស​៖ Sambar ឈ្មោះ​វិទ្យាសាស្ត្រ​៖Rusa unicolor) ត្រូវ​ថត​បាន​នៅក្នុង​ព្រៃ​នៃ​តំបន់ការពារធម្មជាតិ​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​។ ប្រើស​ស្បូវ​រស់នៅ​តាម​តំបន់​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង រួមទាំង​ព្រៃ​ល្បោះ​។

​ប្រើស​ស្បូវ​ជា​ថនិកសត្វ​តិណាសី ស្ថិតក្នុង​ត្រកូល​ប្រើស​ដែលមាន​មាឌធំ​ជាងគេ​។ នៅលើ​ដងខ្លួន មាន​រោម​ពណ៌​ប្រផេះ​ស្ទើ​ក្រ​ម៉ៅ និង​នៅលើ​កមាន​រោម​ញឹក​វែង​សណ្ឋាន​ជា​ប្រែង​។ វា​រកស៊ី​នៅពេល​ព្រលប់ និង​ពេល​រលឹម ហើយ​សំរាក​នៅពេល​ថ្ងៃ​តាម​ព្រៃ​ក្រាស់ៗ​។

​ប្រើស​ស្បូវ​ចូលចិត្ត​ស៊ី​ដី​ច្រាប ជាពិសេស​ប្រើស​ឈ្មោល​ដែល​កំពុង​លូតលាស់​ស្នែង ហើយ​មាន​ជា​រៀងរាល់ឆ្នាំ​រដូវ​កាច់​ស្តែង​នៅ​អំឡុង​ខែកក្កដា​-​កញ្ញា​។ សត្វព្រៃ​ប្រភេទ​នេះ មាន​វត្ត​មាននៅ​ភូមិភាគ​ខាងជើង និរតី និង​ភូមិភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា​។ ប្រើស​ស្បូវ​ជា​ប្រភេទ​សត្វ​មាន​ដោយ​បង្គួរ និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (VU) ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជា​សាកល​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close