ព្រះមហាក្សត្រ​កម្ពុជា បាន​យាង​ចាក​ចេញពី​កម្ពុជា ដើម្បី​ចូលរួម​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវរងារ​

​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែកុម្ភៈ​នេះ យាង​ចាក​ចេញពី​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រដូវរ​ងារ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី នឹង​គង់ប្រថាប់​នៅ​ទីក្រុង​ប៉េកាំង រហូតដល់​ថ្ងៃទី​០៥ ខែកុម្ភៈ ទើប​យាង​ត្រឡប់​មកកាន់​កម្ពុជា​វិញ​។​

​សូមបញ្ជាក់ថា មហា​យក្ស​ចិន បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​កីឡា​អូឡាំពិក​រដូវក្តៅ និង​រដូវរងារ​ឆ្នាំ​២០២២ ចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២​។ ការរៀបចំ​កម្មវិធី​ដ៏​មហា​មានន័យ ជា​ប្រវត្តិសាស្ត្រ​សម្រាប់​មនុស្សជាតិ ក្នុងពេលដែល​ពិភពលោក​ទាំងមូល​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​នៃ​ការរីក​រាតត្បាត​ជាស​កល​ជំងឺ Covid-19​។ ប្រទេស​ចិន កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ថ្មី​មួយទៀត ក្នុងការ​ធានា​ទាំង​សុវត្ថិភាព​សន្តិសុខ ទាំង​សុវត្ថិភាព​សុខាភិបាល​សាធារណៈ សម្រាប់​គណៈប្រតិភូ​កីឡា និង​សម្រាប់​វេទិកា​កីឡា​អន្តរជាតិ​នេះ​។​

​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​ដែល​រៀបចំឡើង​ក្នុង​បរិបទ នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នឹង​ក្លាយជា​ការប្រកួត​ដ៏​ឱឡារិក និង​ជា​រឿង​មង្គល​ជាស​កល​ដ៏​កម្រ​មាន ប្រជាជន​ទូទាំង​ពិភពលោក​រំពឹងទុក​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ការបើក​ធ្វើ​នៃ​ការប្រកួត​កីឡា​អូឡាំពិក​លើក​នេះ​។ បណ្តា​ទីក្រុង​នៅ​ប្រទេស​ចិន បាននាំគ្នា​ដាក់ចេញ​ចំណាត់ការ​តឹងរ៉ឹង ដើម្បី​គ្រប់គ្រង​ការឆ្លង​រាលដាល​ថ្មីៗ​នៃ COVID-19 ខណៈដែល​ទីក្រុង​ប៉េកាំង​កំពុង​ត្រៀមខ្លួន ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា នៅ​ដើមខែ​កុម្ភៈ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close