UN បង្ហាញការព្រួយបារម្ភខ្លាំង ជុំវិញការបន្តដាក់ប្រទេស ក្នុងស្ថានភាពគ្រាអាសន្ន នៅមីយ៉ាន់ម៉ា
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃពុធសប្តាហ៍នេះ បានបង្ហាញការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ខណៈដែលយោធានៅមីយ៉ាន់ម៉ាបន្តដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្ន និងបានជំរុញអោយមានកិច្ចពិភាក្សា ដើម្បីដោះស្រាយស្ថានការណ៍ស្របតាមឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលកត់សំគាល់ខួបមួយឆ្នាំ នៃរដ្ឋប្រហារថ្ងៃ ១កុម្ភៈ ក្រុមប្រឹក្សាដែលមានសមាជិក ១៥ ប្រទេសជាថ្មីម្តងទៀតបានទទូចអោយដោះលែងអ្នកដែលត្រូវបានចាប់ឃុំខ្លួនដោយបំពាន ក្នុងនោះមានមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អោង សាន ស៊ូ ជី និងប្រធានាធិបតីមីយ៉ាន់ម៉ាលោក វីន ម្យីន។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានអំពាវនាវអោយបញ្ឈប់អំពើហិង្សាទាំងអស់នៅទូទាំងប្រទេស, ការពារជនស៊ីវិល, ថ្កោលទោសការវាយប្រហារលើហេដ្ឋារចនាសម្ពន្ធ ទីតាំងសុខាភិបាល និងអប់រំផងដែរ។
គួរបញ្ជាក់ថា រដ្ឋប្រហារនៅមីយ៉ាន់ម៉ាកាលពីមួយឆ្នាំមុន បានបង្កកូដកម្មបាតុកម្មនៅទូទាំងប្រទេស ដែលនាំដល់ការបង្ក្រាបដោយកម្លាំងប្រដាប់អាវុធ និងសម្លាប់មនុស្សប្រមាណ ១ពាន់៥រយនាក់ និងប្រមាណ ១ម៉ឺន១ពាន់៨រយនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។ នេះបើតាមតួលេខរបស់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។