បុរសម្នាក់ស្លាប់ ខណៈបើកលឿនឡើងខឿនសួននាគបាញ់ទឹក ហោះចូលស្ទឹងសង្កែ
បុរសវ័យជាង ៣០ ឆ្នាំម្នាក់ បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីបើករថយន្តដូចហោះ ឡើងខឿនសួននាគបាញ់ទឹកហោះធ្លាក់ចូលស្ទឹងសង្កែទាំងកណ្តាលយប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង ៣ និង ៤០ នាទី ទៀបភ្លឺថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្នុងស្ទឹងសង្កែ ត្រើយខាងលិច ស្ថិតក្នុងក្រុមទី០៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សាក្សីបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿង ម៉ាកអ៊ីស៊ុយស៊ុយ ពណ៌ទឹកសមុទ្រ បានបើកបរដូចហោះក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវ មាត់ស្ទឹង (ផ្លូវលេខ១)។ សាក្សីបានបន្តថា លុះមកដល់ត្រង់បរិវេណសួននាគបាញ់ទឹក ស្រាប់តែរថយន្តនេះរេឆ្វេងឡើងទៅលើខឿន ហើយបានជ្រុលចង្កូតធ្លាក់ក្រឡាប់ចូលទៅក្នុងស្ទឹងសង្កែ បណ្តាលឲ្យអ្នកបើកបរឈ្មោះ វ៉ាង សារិទ្ធ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅក្រុមទី២២ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ស្លាប់ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ភ្លាមៗនោះ រថយន្តខាងលើត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកស្ទូចយកទៅរក្សាទុក ដោយឡែកសាកសពជនរងគ្រោះក៏បានធ្វើការប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យហើយដោយករណីនេះប្រភពខ្លះនិយាយថា ប្រហែលងងុយដេក ឯមួយចំនួនទៀតសន្និដ្ឋានថា អាចបណ្តាលមកពីស្រវឹងខ្លាំង បាត់បង់ម្ចាស់ការទើបបើកលឿននិងរេចង្កូតបែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។