រដ្ឋបាលរាជធានីភ្នំពេញព្រមានអនុវត្តវិធានការច្បាប់ចំពោះក្រុមបាតុករណាហ្គាវើលដ៍ ដែលមិនធ្វើសំណាករកកូវីដ១៩
រដ្ឋបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ បានព្រមានអនុវត្តវិធានការច្បាប់ ចំពោះក្រុមបាតុករណាហ្គាវើលដ៍ដែលមិនព្រមធ្វើសំណាករកវីរុសកូវីដ១៩ និងនៅតែប្រមូលផ្តុំគ្នា ក្រោយពីមានការកឃើញវីរុសកូវីដ១៩ប្រភេទអូមីក្រុងជាបន្តបន្ទាប់ទៅលើបាតុករដែលចូលរួមក្នុងបាតុកម្មនោះ។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ប្រភេទអូមីក្រុងលើបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាស្រ្តីមានផ្ទៃពោះម្នាក់ ហើយបានណែនាំឲ្យបាតុករទាំងអស់ទៅយកសំណាកនៅទីតាំងដែលបានកំណត់ស្ថិតនៅកោះពេជ្រក្នុងរយៈពេល ៣ថ្ងៃ ប៉ុន្តែតំណាងក្រុមកម្មករបានសំណូមពរឲ្យក្រុមគ្រូពេទ្យមកយកសំណាកនៅទីតាំងប្រមូលផ្តុំធ្វើបាតុកម្មជាក់ស្តែង តែនៅពេលក្រុមគ្រូពេទ្យទៅដល់ ក្រុមបាតុករនៅតែរឹងរូស មានៈ មិនព្រមសហការឲ្យយកសំណាកទៀត។
លើសពីនេះទៅទៀត កាលពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុង លើបាតុករជាបន្តបន្ទាប់បន្ថែមទៀត។
ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ឬប្រភេទផ្សេងទៀតចូលទៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ តាមរយៈការប្រមូលផ្តុំធ្វើបាតុកម្មនេះ រដ្ឋបាលរាជធានីភ្នំពេញបានស្នើឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្តុំធ្វើបាតុកម្ម ហើយត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល រហូតដល់ធានាបានថា លែងមានការឆ្លងជំងឺកូវីដ១៩ចូលទៅក្នុងចំណោមបាតុករ និងក្រុមគ្រួសារ។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងករណីដែលបាតុករនៅតែចរចេស រឹងរូស បន្តប្រមូលផ្តុំ ដែលជាហេតុធ្វើឲ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍នោះ ពួកគេនឹងទទួលទោសតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ ដោយក្នុងនោះមានការផាកពិន័យ នងិទោសដាក់ពន្ធនាគារ ដោយគ្មានការលើកលែងឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។