រដ្ឋមន្រ្ដីក្រសួងកសិកម្មត្រឡប់មកដល់កម្ពុជាវិញ ក្រោយចូលរួមវេទិការវិនិយោគនៅប្រទេសស្វីស
នៅរសៀលថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ បានអញ្ជើញត្រលប់មកពីប្រទេសស្វីសវិញប្រកបដោយសុវត្ថិភាព។
សូមបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញទៅចូលរួមវេទិកាវិនិយោគសាកល កាលពីថ្ងៃទី២២ ដល់ ២៦ ខែតុលា ឆ្នាំ២០១៨ នៅឯវិមានអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្រោយពីបានចូលរួមកិច្ចប្រជុំនៅក្នុងវេទិកានេះរួច បានពិនិត្យឃើញវិស័យកសិកម្មជាវិស័យអាទិភាពសំខាន់មួយក្នុងចំណោមវិស័យដទៃទៀត ដែលពិភពលោកមានការយចិត្តទុកដាក់ ព្រមទាំងបានរួមគ្នាពិភាក្សានិងចែករំលែកនូវបទពិសោធ បញ្ហាប្រឈម និងសក្តានុពលក្នុងការវិនិយោគវិស័យកសិកម្ម ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាព។ ហើយក្រោយពីបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏សង្ឃឹមថានឹងមានអង្គការ ដៃគូអភិវឌ្ឍន៍ និងអ្នកវិនិយោគជួយគាំទ្រដល់ការអភិវឌ្ឍន៏នៅកម្ពុជាបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។