Apple គ្រោង​ដាក់​បង្ហាញ iPhone 5G និង iPad ម៉ូ​ដែល​ថ្មី នៅពេល​ឆាប់ៗ​នេះ​

​សារព័ត៌មាន Bloomberg បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​ថា ក្រុមហ៊ុន Apple គ្រោង​ដាក់​បង្ហាញ iPhone 5G និង iPad ម៉ូ​ដែល​ថ្មី​ដែលមាន​តម្លៃ​ទាប​នៅ​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន CNBC នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២២​បានឱ្យដឹងថា បច្ចុប្បន្ន Apple បានផ្តល់​ជូន​នូវ iPhone ដែលមាន​តម្លៃ​ទាប​មួយ​គឺ​ម៉ូ​ដែល iPhone SE ដែល​ត្រូវ​បានដាក់​បង្ហាញ​នៅ​កំឡុង​ខែមីនា និង ខែមិថុនា​ឆ្នាំ​២០២០​កន្លងទៅ ដោយមាន​តម្លៃ​លក់រាយ​ត្រឹមតែ ៣៩៩​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ ខណៈដែល​វា​គឺជា​ម៉ូ​ដែល iPhone ថ្មី​បំផុត​ដែល​បំពាក់​បច្ចេកវិទ្យា​5G ហើយ​ភ្ជាប់​មក​ជាមួយនឹង​មុខងារ​ពិសេស​ដែល​អាច​ស្គេ​ន​ម្រាមដៃ (Touch ID) បាន​ទៀតផង​។​

​ចំណែកឯ iPad ថ្មី​ដែល​គេ​រំពឹងថា​ជា​កំណែ​អាប់​ដេ​តរបស់ iPad Air ដោយ​បច្ចុប្បន្ននេះ​បាន​ដាក់លក់​នៅក្នុង​តម្លៃ ៥៩៩​ដុល្លារ​អាមេរិក ខណៈដែល iPad គឺជា​ខ្សែសង្វាក់​ផលិតផល​សំខាន់​តែមួយគត់​របស់ Apple ដែល​បាន​រាយការណ៍​ពី​ការធ្លាក់ចុះ​នៃ​ការលក់​នៅក្នុង​អំឡុង​ត្រីមាស​ខែធ្នូ ហើយ​ប្រហែលជា​ការដាក់​បង្ហាញ iPad Air ម៉ូ​ដែល​ថ្មី​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​តម្លៃ​អាច​ចុះមក​នៅត្រឹមតែ ៣២៩​ដុល្លារ​អាមេរិក​។​

​ចំពោះ ការ​អាប់​ដេ​ត Version ថ្មី​ក្រុមហ៊ុន Apple អាច​នឹង​កំណត់​ពេលវេលា នឹង​ព្រឹត្តិការណ៍​ដូចគ្នា​ទៅនឹង​ការដាក់​បង្ហាញ​ដើម្បី​សម្ភោ​ធ​ជាមួយនឹង​ការចេញផ្សាយ​ជា​ផ្លូវការ​នៃ iOS 15.4 ដែលជា​កំណែ​អាប់​ដេ​ត​ចុងក្រោយ​បំផុត​របស់ iPhone ហើយ​បច្ចុប្បន្ននេះ iOS 15.4 គឺ​កំពុងស្ថិត​នៅក្នុង​ការសាកល្បង​ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​រួមបញ្ចូល​មុខងារ​ថ្មីៗ​ជាច្រើន រួមទាំង​សមត្ថភាព​ប្រើប្រាស់​ការ​សម្គាល់​ផ្ទៃមុខ ដើម្បី​ដោះ​សោរ​នៅពេល​ពាក់​ម៉ាស និង មាន Emoji ថ្មីៗ​ជាច្រើន​ទៀត​។​

​គួរ​ជម្រាប​ផងដែរ​ថា ព្រឹត្តិការណ៍​ដែល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២២​ខាងមុខ ត្រូវបាន​គេ​ដឹងថា​នឹង​ជា​ប្រភេទ​ព្រឹត្តិការណ៍​តាម​អន​ឡាញ ដូចដែល Apple ធ្លាប់ធ្វើ ២ ឆ្នាំ​ចុងក្រោយ​អញ្ចឹង ដោយ​មិនមាន​មនុស្ស​ចូលរួម​ទស្សនា​នោះទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close