ឥណ្ឌា អនុម័តឱ្យប្រើវ៉ាក់សាំងកូវីដ-១៩ ចាក់ «តែមួយដូស» Sputnik Light របស់រុស្ស៊ី
មូលនិធិវិនិយោគដោយផ្ទាល់របស់រុស្ស៊ី (RDIF) បានឱ្យដឹងថាឥណ្ឌាបានអនុម័តឱ្យប្រើប្រាស់ហើយនូវវ៉ាក់សាំងបង្ការ COVID-19 ចាក់តែមួយដូស Sputnik Light បន្ទាប់ពីបានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងចាក់ ២ដូស Sputnik V កាលពីឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។
បើតាម RDIF, វ៉ាក់សាំង Sputnik Light ដែលអភិវឌ្ឍចេញពីវ៉ាក់សាំង Sputnik V ក៏អាចប្រើប្រាស់ជាដូសជំរុញបន្ថែមពីលើវ៉ាក់សាំងដទៃផងដែរ។ ជាមួយគ្នានោះ នាយកមូលនិធិ RDIF លោក គីរៀល ឌីមីទ្រៀវ (Kirill Dmitriev) បានហៅវ៉ាក់សាំង Sputnik Light ថាជាដំណោះស្រាយបង្កើនប្រសិទ្ធភាពនៃវ៉ាក់សាំងដទៃ ប្រឆាំងនឹងមេរោគបំប្លែងថ្មី ក្នុងនោះរួមមានទាំងអូមីក្រុង។
គួរបញ្ជាក់ថា មូលនិធិរុស្ស៊ី RDIF បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថនៅក្នុងប្រទេសឥណ្ឌាចំនួន៧ ដើម្បីផលិតវ៉ាក់សាំង Sputnik V ចំនួន ១ពាន់លានដូស សម្រាប់ការនាំចេញ និងប្រើប្រាស់ក្នុងប្រទេសឥណ្ឌា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។