អាជ្ញាធរ​ជាតិ​អប្សរា កំពុងដំណើរការ​ជួស​ជួល​ព្រះ​ពុទ្ធបដិមា​ចំនួន ៣​អង្គ នៅ​រួត​បាកាណ នៃ​ប្រាសាទអង្គរវត្ត​

​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងដំណើរការ​ជួសជុល​ព្រះពុទ្ធ​បដិមា ចំនួន​៣​អង្គ​បន្ថែមទៀត​នៅ​រួត​បាកាណ​នៃ​ប្រាសាទអង្គរវត្ត ខណៈ​មួយអង្គ​បានធ្វើ​ការជួសជុល​រួចរាល់​។​

​លោក សយ សុភា​រិន្ទ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ដំណើរការ​ជួសជុល​ព្រះពុទ្ធ​បដិមា​គឺ​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ គ្រោង​នឹង​ប្រើប្រាស់​ពេលវេលា​ជួសជុល​ចំនួន​៥​ខែ​។​

​លោក​បានបញ្ជាក់​អំពី​មូលហេតុ ដែលនាំឱ្យ​ព្រះពុទ្ធ​បដិមា​នៅ​រួត​បាកាណ​រង​ការខូចខាត​ទ្រុឌទ្រោម ដោយសារ​កត្តា​ធម្មជាតិ ទីកន្លែង​មាន​ជ្រាប​ទឹក ទឹក​ហូរ​ច្រោះ មាន​ទឹកនោម និង​លាមក​សត្វ​ប្រចៀវ​ច្រើន ដូច្នេះ​ក្រុមការងារ​ធ្វើការ​រើ​សំណាញ់​ចាស់​ចោល ដើម្បី​ជំនួស​នូវ​សំណាញ់​ថ្មី ដែល​សង្ឃឹមថា ប្រចៀវ​នឹងមិន​អាច​ចូលទៅ​ទុំ​នៅ​ទីតាំង​ខាងលើ​បាន​ទៀតឡើយ​។

​គម្រោង​ជួសជុល​ព្រះពុទ្ធ​បដិមា​ខាងលើ មានការ​សហការ​គាំទ្រ​គំនិត​ផ្តួចផ្តើម និង​ឧបត្ថម្ភ​ថវិកា​ពី​លោកជំទាវ​ឧកញ៉ា នាងវិសាខា​អគ្គ​មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភក៍ កិត្តិ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​។​

​សូមបញ្ជាក់ថា កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅ អ្នកជំនាញ​អភិរក្ស​ចម្លាក់ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ការជួសជុល​រួចរាល់​ជា​ស្ថាពរ​នូវ​ព្រះពុទ្ធ​បដិមា​មួយអង្គ​នៅ​ទិស​ខាងត្បូង​នៃ​រួត​បាកាណ​ដែលមាន​ការខូចខាត​ទ្រុឌទ្រោម​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close