ឥណ្ឌូណេស៊ី ហាម​មិន​ឃាត់​ទេសចរ​បរទេស ចូល​តាម​ព្រលានយន្តហោះ​ហ្សា​ការ​តា ខណៈ​កូ​វីដ​១៩ កំពុង​កើនឡើង​ខ្លាំង​

​ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី បានប្រកាសថា ឥណ្ឌូណេស៊ី បានសម្រេច​ហាម​មិនឱ្យ​ភ្ញៀវទេសចរ​បរទេស ធ្វើដំណើរ​ចូលទៅ​កាន់​ប្រទេស​នេះ តាម​អាកាសយានដ្ឋាន​នៃ​ទីក្រុង​ហ្សា​ការ​តា​ជា​បណ្តោះអាសន្ន ដើម្បី​ព្យាយាម​បន្ធូរបន្ថយ​អត្រា​ឆ្លង​រាលដាល នៃ​ជំងឺ COVID-19 ដែល​ជំរុញ​ដោយ​វីរុស​បំប្លែង​ថ្មី Omicron​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​ចេញ​កាលពី​យប់ ថ្ងៃអាទិត្យ កន្លងទៅ​ថា គោលការណ៍​ថ្មី​ខាងលើ ត្រូវអនុវត្ត​ចំពោះ​រាល់​ទេសចរ​បរទេស​ទាំងអស់ ហើយ​និង​ប្រជាជន​ឥណ្ឌូ​ណេ​ស៉ី​ទាំងឡាយណា ដែល​បាន​ទៅធ្វើ​ដំណើរ​កម្សាន្ត​នៅក្រៅ​ប្រទេស​។ ជាមួយគ្នានេះ បម្រាម​គោចរ​ដែលមាន​រយៈពេល​ចាប់ពី​ពាក់​កណ្តាលយប់ ដល់​ម៉ោង​៤​ទាបភ្លឺ ក៏ត្រូវ​អនុវត្ត​នៅ​តំបន់​ទីប្រជុំ​នៃ​ទីក្រុង​ហ្សា​ការ​តា​ផងដែរ​។​

​គួរ​បញ្ជាក់ថា ប្រទេស​អាស៊ាន​មួយ​នេះ បាននិងកំពុង​មើលឃើញ ការ​លោត​ឡើង​ខ្លាំង​ជាថ្មី​នៃ​ករណី​ឆ្លង COVID-19 ដោយ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ ករណី​ឆ្លង​ជាង​៣៦,០០០​នាក់​ថែមទៀត ទើប​ត្រូវបាន​កត់ត្រា ហើយ​អត្រា​នៃ​ការប្រើប្រាស់​គ្រែ​អ្នកជំងឺ នៅតាម​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ហ្សា​ការ​តា ក៏បាន​កើន​ដល់​៦៣​ភាគរយ​ថែម​ទៀតផង​។ អាជ្ញាធរ​សុខាភិបាល​ឥណ្ឌូណេស៊ី បាន​ព្រមាន​ថា សន្ទុះ​នៃ​ការឆ្លង​រាលដាល​បច្ចុប្បន្ន ដែល​ជំរុញ​ដោយ Omicron ប្រហែលជា​ទាន់​ឈានដល់​ចំណុចកំពូល​ឆាប់ៗ​ឡើយ គឺអាច​រហូត​ទាល់តែ​ដល់​ចុងខែ​កុម្ភៈ​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close