កម្ពុជា អាចមាន​ភ្លៀង​ផ្គរ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​ច្រើន​, ចាប់ពី​ថ្ងៃទី​៩-១៥ ខែកុម្ភៈ

ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៩-១៥ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​ក្រសួង​បាន​បញ្ជាក់ថា ក្នុង​សប្តាហ៍​ខាងមុខនេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល ពី​ជ្រលង​សម្ពាធ​ទាប (​ឥណ្ឌូនេស៊ី​) ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។ ទន្ទឹម​នោះ​ឥទ្ធិពល​នៃ​ទ្រនុង​សម្ពាធ​ខ្ពស់ (​ចិន​) ក៏​នៅមាន​នៅឡើយ ដែល​អាច​បង្កើតបានជា​ការ​ប្រសព្វ​មុខ​គ្នា រវាង​ធាតុ​ក្តៅ​-​ត្រជាក់ (Convection) បណ្តាល​ឲ្យ​មាន​ភ្លៀង​ឡូ​កាល់ (Local) ដោយ​អន្លើ​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៦ °C
* អាចមាន​ភ្លៀង​ផ្គរ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​ច្រើន​។ ក្នុងនោះ​បណ្តា​រាជធានី​-​ខេត្ត នៅ​ភាគ​ខាងក្រោម អាចមាន​បរិមាណ​ភ្លៀង​ច្រើនជាង​។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៦ °C
* អាចមាន​ភ្លៀង​ផ្គរ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-៣០ °C
* អាចមាន​ភ្លៀង​ផ្គរ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close