សមត្ថកិច្ច ចាប់ខ្លួនខ្មែរឥស្លាម២នាក់ ពាក់ព័ន្ធគ្រឿងញៀនជាង ១គីឡូក្រាម នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញមុខជនសង្ស័យចំនួន ២នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនជាង ១គីឡូក្រាម នៅរាជធានីភ្នំពេញ ជាសាធារណៈ មុននឹងបញ្ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការតាមនីតិវិធី។
ជនសង្ស័យទាំងពីរនាក់ ឈ្មោះ វ៉ែន សំណាងរ័ត្ន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិ ខ្មែរឥស្លាម និងឈ្មោះ ឯល អាត់ទរី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម។ ពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពេលកម្លាំងចុះឆែកឆេរផ្ទះលេខ១២ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោង ១៩:៣០នាទី។ ចំពោះវត្ថុតាងចាប់យកមាន មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១គីឡូក្រាម ៣០១,៩៩ក្រាម។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៣) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា នាយករងមន្ទីរ និងលោកវរ:សេនីយ៍ឯក ទិត ចំរើន នាយការិយាល័យ(ក៣) ព្រមទាំងមានការសម្របសម្រួលពី លោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។