ថៃ បន្ត​មាន​អ្នក​ឆ្លង​កូ​វីដ​ជាង ១​ម៉ឺន​នាក់ និង​ស្លាប់​១៧​នាក់​ទៀត​

ប្រទេស​ថៃ នា​ព្រឹក​ថ្ងៃទី​៨ កុម្ភៈ ២០២២​នេះ មាន​មនុស្ស​ស្លាប់​ព្រោះ​កូ​វីដ​១៩ ចំនួន​១៧​នាក់​ទៀត និង​វិជ្ជមាន​ថ្មីៗ ជាង​១​ម៉ឺន​ករណី​ទៀត ក្នុងពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​។​

​ក្រសួងសុខាភិបាល​ថា ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី ចំនួន​១០៣៩៨​នាក់ មានការ​ឆ្លង​ក្នុង​សហគមន៍​ចំនួន​១០១៩៦​នាក់ និង​នាំចូល​២០២​នាក់​។ ប៉ុន្តែ​ក៏មាន​អ្នកជំងឺ ៨៩២២​នាក់ ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​បន្ថែមទៀត​ដែរ កាលពី​ថ្ងៃទី​៧ កុម្ភៈ​។​

​គួរ​បញ្ជាក់ថា ថៃ​មាន​កូ​វីដ ជា​លើកដំបូង កាលពីដើមឆ្នាំ​២០២០ ដល់​មកទល់ពេលនេះ មាន​អ្នក​កើត​កូ​វីដ​សរុប​កើន​ដល់ ជាង​២.៥​លាន​នាក់ ជាសះស្បើយ ជាង​២.៤​លាន​នាក់​។ រីឯ​មនុស្ស​ស្លាប់​វិញ កើន​ដល់ ២២៣២០​នាក់ ដោយ​គ្រាន់តែ​ដើមឆ្នាំ​២០២២​នេះ មាន​៦២២​នាក់​ហើយ​។​

​ថៃ​នៅតែ​បន្ត​មាន​ករណី​កូ​វីដ​១៩ ប្រចាំថ្ងៃ ជាង​១​ម៉ឺន​នាក់ ប៉ុន្តែ កាលពី​ថ្ងៃទី​១៨ សីហា ២០២១ ធ្លាប់មាន​វិជ្ជមាន​ប្រចាំថ្ងៃ ដល់​ទៅ​២៣៤១៨​នាក់​។ រីឯ​ស្លាប់​មនុស្ស​វិញ ធ្លាប់មាន​ប្រចាំថ្ងៃ​ច្រើន​បំផុត កាលពី​ថ្ងៃទី​១៣ សីហា ដែលមាន​រហូតដល់ ៣១២​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close