អាមេរិកមាន រកឃើញមនុស្សជាង ១៥ម៉ឺននាក់ទៀត ឆ្លងកូវីដ ខណៈចំនួនអ្នកស្លាប់កើនឡើង ១ពាន់នាក់ ក្នុង១ថ្ងៃ
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ១៥ម៉ឹន៦ពាន់៤៨៧នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១ពាន់២៦៩នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧៨លាន៣៧ម៉ឺន០៧៧៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩២ម៉ឹន៨ពាន់៨៧៩នាក់ និងជាសះស្បើយឡើងសរុបជាង ៤៨.២៩លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
កាលពីចុងសប្តាហ៍មុននេះ សហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសជាផ្លូវការ អំពីតួលេខមនុស្សស្លាប់ដោយសារជំងឺ COVID-19 លោតចូលដល់ខ្ទង់ ៩សែននាក់។ អត្រាមនុស្សស្លាប់ប្រចាំ បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្រោយសហរដ្ឋអាមេរិករងការវាយប្រហារយ៉ាងដំណំ ពីមេរោគបំប្លែងថ្មី Omicron៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។