រដ្ឋមន្ត្រី​ថៃ​៧​រូប​ ធ្វើពហិការ​ចូលរួម​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​

​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ​ចាក់​អូ​ចា កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ក្រោយ​មាន​រដ្ឋមន្ត្រី​ជាច្រើនរូប​ធ្វើពហិការ​ចូលរួម​កិច្ចប្រជុំ​។​

​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី ៨​ខែកុម្ភៈ​បាន​ផ្សាយ​ថា​រដ្ឋមន្ត្រី ថៃ​ចំនួន ៧​រូប​បានធ្វើ​ពហិការ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​នៅ​ថ្ងៃទី ៨​ខែកុម្ភៈ​នេះ ។ ទាំងនោះ​បានបង្ហាញ​យ៉ាងច្បាស់​ថា នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន និង​កំពុង​ប្រឈមមុខ​នឹង​ភាពស្មុគស្មាញ​សាជាថ្មី ហើយ​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជាស​ញ្ញា​មួយ​បង្ហាញ​ពី​ការបែកបាក់​ផ្ទៃក្នុង នៃ​ជួរ​រដ្ឋាភិបាលចម្រុះ​មាន​១៨​គណបក្ស​ចូលរួម​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ​

​។​

​ការធ្វើ​ពហិការ​របស់​ក្រុម​រដ្ឋមន្ត្រី មកពី​គណបក្ស Bhumjaithai Party ដែលជា​គណបក្ស​ធំ​ទី​២ នៅក្នុង​រដ្ឋាភិបាលចម្រុះ​ថៃ អាច​នឹង​ក្លាយជា​រឿង ដ៏​អាម៉ាស់​មួយ​សម្រាប់​លោក ប្រា​យុទ្ធ ក្រោយ​គណបក្ស​របស់លោក Palang Pracharat កាលពី​សប្ដាហ៍​មុន ទើបតែ​បាន​បណ្ដេញ សមាជិកសភា​របស់ខ្លួន ២១​រូប ចេញពី​បក្ស ដោយ​ចោទថា​ពួកគេ​បាន​បង្ក​ការបែកបាក់​សាមគ្គី​។​

​ការធ្វើ​ពហិការ​ខាងលើ គឺជា​ការបង្ហាញ​ការជំទាស់​ទៅនឹង​គម្រោង​មួយ​របស់​រដ្ឋាភិបាល​លោក ប្រា​យុទ្ធ ដែល​ចង់​ពន្យារ​សុពលភាព​នៃ​ការផ្ដល់ សម្បទាន​រយៈពេល ៣០​ឆ្នាំ ដល់​ក្រុមហ៊ុន​សម្ព័ន្ធ BTS Group Holdings ក្នុង​ការធ្វើ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្លូវដែក ក្នុង​ទីក្រុង​បាងកក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close