ភ្នាក់ងារទេសចរណ៍ ១០០នាក់ ទទួលបានការបណ្តុះបណ្តាលពង្រឹងជំនាញបដិសណ្ឋារកិច្ច!
មជ្ឍមណ្ឌលបណ្តុះបណ្តាលអង្គរ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី ការពង្រឹងបដិសណ្ឋារកិច្ចដល់មន្ត្រី និងបុគ្គលិកដែលកំពុងបម្រើការជាភ្នាក់ងារទេសចរណ៍ ចំនួន១០០នាក់ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម អគ្គនាយក ហង់ ពៅ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។
វគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចភ្ញៀវទេសចរ ដែលធ្វើឡើងនៅសាលសន្និសីទអង្គរនេះរៀបចំឡើងក្នុងគោលបំណង ផ្ដល់ជំនាញយ៉ាងត្រឹមត្រូវដល់ភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរអប្សរា ទាំងការស្វាគមន៍ និងបម្រើសេវាយ៉ាងកក់ក្ដៅ ក្នុងដំណើរការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរួមចំណែកការលើកតម្លៃសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។
ការបណ្តុះបណ្តាលបានផ្តោតទៅលើខ្លឹមសារ៤ចំណុច រួមមាន៖ ១.របៀបបដិសណ្ឋារកិច្ចសម្រាប់ភ្នាក់ងារទេសចរណ៍ ២.បទប្បញ្ញត្តិនៃការទស្សនាប្រាសាទ និងរមណីយដ្ឋានអង្គរ ៣.ដំណោះស្រាយលើបញ្ហាប្រឈមនានានៅតាមប្រាសាទ និងទី៤.បំប៉នជំនាញភាសាអង់គ្លេសសម្រាប់ប្រើប្រាស់ក្នុងវិជ្ជាជីវៈ។
ឯកឧត្ដម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសនោះថា វគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច គឺពិតជាមានសារសំខាន់ណាស់ សម្រាប់មន្ត្រី និងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ដែលកំពុងបម្រើសេវាកម្មទេសចរណ៍ ដោយត្រូវគិតគូរទាំងគុណភាពនៃសេវាកម្មទេសចរណ៍ និងគិតគូរពីផលប៉ះពាល់នៃភ្ញៀវទេសចរដែលមកលើប្រាសាទបុរាណ។ «យើងត្រូវតែសិក្សាបន្ថែមសមត្ថភាពរបស់យើង ក្នុងន័យធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរដែលមកទស្សនាអង្គរ អាចទទួលបានបទពិសោធន៍ដ៏ល្អបំផុត ហើយផ្តល់ផលប៉ះពាល់ដ៏តិចបំផុតដល់តំបន់រមណីយដ្ឋានអង្គរ»។
ឯកឧត្ដម ឡុង កុសល មានប្រសាសន៍បន្ថែមទៀតថា អាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់ចំពោះការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញដល់មន្ត្រី បុគ្គលិកដើម្បីអភិវឌ្ឍន៍សមត្ថភាព និងចំណេះដឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។