ខេត្តស្វាយរៀង ប្រារព្ធ​ពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងក្ដារបីសន្លឹក

ស្វាយរៀង​៖នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ នៅតាមបណ្ដោយទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានរៀបចំពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងក្ដារបីសន្លឹក ឆ្នាំ២០១៨ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ។

នាឱកាសនោះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានបញ្ជាក់ជូនថានៅឆ្នាំ២០១៨នេះ ជាលើកទី៩ ហើយ ដែលខេត្តស្វាយរៀងបានរៀបចំពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹកនៅតាមបណ្ដោយទន្លេវ៉ៃគោ បន្ទាប់ពីត្រូវបានផ្ដួចផ្ដើមឲ្យមានការរៀបចំពីសំណាក់ឧត្ដមសេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ កាលពីឆ្នាំ២០០៨ ។

ចំពោះពិធីប្រណាំងទូក ឆ្នាំ២០១៨នេះ ប្រារព្ធឡើងក្នុងគោលបំណងមិនត្រឹមតែ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាដើម្បីបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីចូលរួមអបអរសារទរព្រះរាជពិធីបុណ្យខួបលើកទី១៤ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ថ្ងៃទី២៩ ខែតុលា ខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៨ ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះឈ្នះរបស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្ងៃទី២៩ធ្នូ និងខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ដែលជាទិវាប្រវត្តិសាស្ត្រត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់រូបៗនៅតែចងចាំ និងមិនអាចបំភ្លេចបានជារៀងរហូត ។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង លោក លោកស្រី ជាក្រុមការងារថ្នាក់ចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងក្រុមហ៊ុន សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារដល់ការរៀបចំពិធីប្រណាំងទូក នៅខេត្តស្វាយរៀង នាឆ្នាំនេះ ។

សូមបញ្ជាក់ថាពិធីប្រណាំងទូក ឆ្នាំ២០១៨នេះ មានទូកចូលរួមប្រណាំងសរុប ៤៥គ្រឿង កីឡាករសរុប ១.១៣៥នាក់(នារី ៤នាក់) រួមមាន ទូកប្រពៃណីខ្នាតអន្តរជាតិ ចំណុះ ២២នាក់ ៣៩គ្រឿង និងទូកក្ដារបីសន្លឹក ៦គ្រឿង (បុរស ៥គ្រឿង នារី ១គ្រឿង) ក្នុងនោះទូកក្នុងខេត្ត ១៤គ្រឿង ទូកកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងរាជធានី-ខេត្ត ២៦គ្រឿង ទូកមកពីខេត្តកណ្ដាល ៤គ្រឿង និងទូកមកពីខេត្តព្រះវិហារ ១គ្រឿង ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close