ថវិកាជិត៥លានដុល្លារ បានមកពីការពិន័យយានយន្តល្មើសច្បាប់ចរាចរណ៍

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ សមត្ថកិច្ច នគរបាល បានហៅយានយន្តដែលកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវជាង២លានគ្រឿង ដើម្បីធ្វើការពិនិត្យ ដោយនៅក្នុងនោះ មានជាង២២ម៉ឺនគ្រឿង ល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងបានពិន័យជាប្រាក់ជាង១៩ពាន់លានរៀល ឬស្មើជិត៥លាន ដុល្លារអាមេរិក។

នៅក្នុងពិធីសន្និបាតបូកសរុប ការងារសុវត្ថិភាពចរាចរណ៍ ផ្លូវគោក នៅថ្ងៃទី៩ ខែកុម្ភៈនេះ នាយឧត្តមសេនីយ៍ យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ក្នុងចំណោមយានយន្តដែលល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកទាំងនេះ គឺមានទោចក្រយានយន្ត(ម៉ូតូ)ជាង១៦ម៉ឺនគ្រឿង ស្មើ៧៥ភាគរយ និងរថយន្តជាង៥ម៉ឺន៤ពាន់គ្រឿង ស្មើនឹង២៥ភាគរយ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២២នេះ សមត្ថកិច្ចនគរបាល នឹងអនុវត្តចំពោះយានយន្តដែលនៅបន្តប្រពឹត្ត ល្មើសនឹងច្បាប់ចរាចរណ៍ ទាំងការពិន័យជាថវិកា និងដកពិន្ទុលើបណ្ណបើកបរ។ លោកថា បច្ចុប្បន្ន ក្រសួងបានទិញឧបករណ៍ស្កេនដកពិន្ទុលើបណ្ណបើកបរ បានចំនួន៣០០គ្រឿងរួចហើយ និងគ្រោងទិញ២៥០គ្រឿងទៀត ដើម្បីផ្តល់ដល់មន្ត្រី នគរបាលចរាចរណ៍ បន្ទាប់ពីកម្មវិធីកាត់ពិន្ទុតាមរយៈកម្មវិធីទូរស័ព្ទដៃស្មាតហ្វូនបានដំឡើងរួចរាល់ និងកំពុងសាកល្បងលើការ ប្រើប្រាស់ដូចជា ស្កេនលើបទល្មើសមិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម ទទួលបានជោគជ័យ១០០ភាគរយ។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានកំណត់ឱ្យគ្រប់បណ្ណបើកបរ ត្រូវមានពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់ បន្ថយទៅតាមស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ចាប់ពី១ពិន្ទុដល់៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នកបើកបរចង់បានបណ្ណបើកបរថ្មី ត្រូវរៀននិងប្រឡងយកបណ្ណបើកបរឡើងវិញ ក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ ពីថ្ងៃដែលបណ្ណបើកបរត្រូវទុកជាមោឃៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close