ក្រសួងវប្បធម៌កំពុងរៀបចំឯកសារស្នើចុះ «ប្រាសាទកោះកេរ» «នំបញ្ចុក» «ក្បាច់គុនល្បុក្កតោ» និង «ទីក្រុងបាត់ដំបង» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកំពុងរៀបចំឯកសារដើម្បីស្នើសុំចុះ “ប្រាសាទកោះកេរ” “នំបញ្ចុក” “ក្បាច់គុនល្បុក្កតោ” និង “ទីក្រុងបាត់ដំបង” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, បញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិ និងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិត របស់អង្គការយូណេស្កូ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងបែបនេះនៅក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:នាព្រឹកថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០២២ នាសាលសន្និសីទចតុមុខ។
បើតាមលោកស្រីរដ្ឋមន្ត្រី ក្រសួងក៏បានបន្តរៀបចំបញ្ជីត្រៀមដើម្បីគ្រោងស្នើសុំចុះសម្បត្តិវប្បធម៌ដែលមាន សក្តានុពលផ្សេងទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ រួមមាន ក្រុមប្រាសាទបន្ទាយឆ្មារ, រមណីយដ្ឋានអង្គរបុរីនិងភ្នំដា, រមណីយដ្ឋានគូលែន, ក្រុមប្រាសាទបេងមាលា, ក្រុមប្រាសាទព្រះខ័ន កំពង់ស្វាយ, រមណីយដ្ឋានឧដុង្គ, “សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក, អតីតមន្ទីរឃុំឃាំង ម-១៣”និងព្រះរាជពិធីបុណ្យអុំទូក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។