ក្រសួងទេសចរណ៍ ណែនាំ​ដល់​អភិបាល​រាជធានី​-​ខេត្ត បន្ត​ចូលរួម​ទប់ស្កាត់​កូ​វីដ អូ​មី​ក្រុង នៅតាម​អាជីវកម្ម​មណ្ឌល​កម្សាន្ត​ទេសចរណ៍​

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២ បានចេញ​លិខិត​ណែនាំ​មួយ ដល់​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​បំប្លែង​ថ្មី អូ​មី​ក្រុង នៅតាម​មូលដ្ឋាន​អាជីវកម្ម​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ មាន​ខារ៉ាអូខេ KTV ក្លឹប​កម្សាន្ត​រង្គសាល​-​ឌី​ស្កូ​តែ​ក និង​បៀរ​ហ្កា​ឌិន​ជាដើម​។​

​ក្រសួងទេសចរណ៍ បាន​ណែនាំ​ដល់​រដ្ឋបាល​រាជធានី​ខេត្ត ត្រូវ​បន្ត​រៀបចំ​យន្តការ​ត្រួតពិនិត្យ និង​តាមដាន​ការអនុវត្ត​វិធានការ ៣​ការពារ ៣​កុំ និង​ត្រូវ​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​អាជីវកម្ម​ខារ៉ាអូខេ (KTV) ក្លឹប​កម្សាន្ត​រង្គសាល​-​ឌី​ស្កូ​តែ​ក និង​បៀរ​ហ្កា​ឌិន​ឱ្យបាន​ហ្មត់ ចត់ ពិសេស​លក្ខខណ្ឌ​តម្រូវ​ចាំបាច់​មួយចំនួន ដូចខាងក្រោម​៖
– បុគ្គលិក​ទាំងអស់​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​គ្រប់គ្នា និង​គ្រ​ប់ដូ​ស​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពាក់​ម៉ាស់ និង​លាង​សម្អាត​ដៃ​ជាប្រចាំ​។​
– ត្រួតពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ និង​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ QR CODE និង​ត្រូវ​វាស់​កម្តៅ បាញ់​អាល់កុល មុន​អនុញ្ញាតឱ្យ​ចូលក្នុង​បរិវេណ​អាជីវកម្ម​។​
– ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ដោយ​ត្រូវ​កំណត់​ចំនួន​ភ្ញៀវ​ឱ្យ​សមាមាត្រ​ទៅនឹង​ទំហំ​ទីតាំង​អាជីវកម្ម​ខារ៉ាអូខេ (KTV) ក្លឹប​កម្សាន្ត​រង្គសាល​-​ឌី​ស្កូ​តែ​ក និង​បៀរ​ហ្កា​ឌិន​មិន​ឱ្យលើស​ចំនួន​ផ្ទុក​ជា​អតិបរមា​នៅតាម​ទីតាំង​អាជីវកម្ម​នីមួយៗ ដោយ​រក្សា​គម្លាត​សុវត្ថិភាព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​
– ត្រូវ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធគ្រប់គ្រង​សមត្ថភាព​ផ្ទុក (Carrying Capacity) តាមរយៈ​គេហទំព័រ www.camccms.org ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close