សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២ ក្រោម​មូលបទ «​ឆ្ពោះទៅកាន់​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ នឹង​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង​រហូតដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ទើប​ត្រឡប់មក​កម្ពុជា​វិញ​។ កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២ ក្រោម​មូលបទ «​ឆ្ពោះទៅកាន់​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​» នៅ​ទីក្រុង​សេ​អ៊ូ​ល សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ធ្វើជា​សហប្រធាន ជាមួយ​លោកជំទាវ​បណ្ឌិត ហាក់ ចា​ហាន់​មូ​ន សហ​ស្ថាបនិក​នៃ​សហព័ន្ធ​សន្តិភាព​សកល (UPF) និង ឯកឧត្តម បាន គី​-​មូ​ន អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២​នេះ នឹងមាន​ការចូលរួម​ពី​បណ្តា​វាគ្មិន​សំខាន់ៗ និង​អ្នកចូលរួម​មកពី ១៥៧​ប្រទេស ដើម្បី​ស្វែងរក​ក្តីសង្ឃឹម​ក្នុងការ​បង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​ប្រកបដោយ​សន្តិវិធី​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​សេ​អ៊ូ​ល​នោះ សម្តេច​តេ​ជោ​នឹងមាន​ជំនួប​ជាមួយ ឯកឧត្តម មូ​ន ចេ​-​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌​។​ល​។
​សម្តេច​តេ​ជោ​នឹងមាន​ជំនួប​ជាមួយ​ឯកឧត្តម បាន គី​-​មូ​ន (Ban Ki-moon) អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ជួប​ឥស្សរជន​នយោបាយ និង​ធុរជន​ផ្សេងទៀត​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close