ក្រសួងទេសចរណ៍ ណែនាំ ៩ចំណុច ដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ពង្រឹងការអនុវត្តវិធានការទប់ស្កាត់កូវីដ១៩
ភ្នំពេញ៖ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៩ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសារាចរណែនាំ ស្តីពី ការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទអូបីក្រុង (Omicron) ទៅដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់នៅទូទាំងប្រទេស។
ក្រសួងទេសចរណ៍ បញ្ជាក់ថា ដើម្បីចៀសវាងបាននូវមហន្តរាយសុខភាពសាធារណៈ ផលប៉ះពាល់សេដ្ឋកិច្ច គ្រួសារ និងសេដ្ឋកិច្ចសង្គម រួមទាំងជៀសវាងបាននូវការវិលត្រឡប់ទៅរកផលលំបាកនៃការរស់នៅប្រចាំថ្ងៃ និងដើម្បីធានាបាននូវនិរន្តរភាពនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មីបានយូរអង្វែង ក្រសួងទេសចរណ៍ សូមក្រើនរំលឹក ដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត និងម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម ទេសចរណ៍ ទាំងអស់អំពីការពង្រឹងការអនុវត្ត វិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ (ឬនីតិវិធីប្រតិបត្តិស្តង់ដា អប្បបរមា-SOP) ដែលក្នុងនោះ រួមមាន៖
១)- ត្រូវពង្រឹងការអនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្លួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ ១៩ ពិសេសវិធានការ ៣ការពារ និង ៣កុំ។ គ្រប់មូលដ្ឋានអាជីវកម្ម ត្រូវកត់ត្រាអត្តសញ្ញាណ (ជាពិសេសអាសយដ្ឋាននិងលេខទូរស័ព្ទទំនាក់ទំនង) ភ្ញៀវទេសចរទាំងអស់។ និងត្រូវចុះឈ្មោះបង្កើត និងប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ-១៩” (Stop COVID) និងតម្រូវឱ្យភ្ញៀវទេសចរត្រូវតែស្កេនជាដាច់ខាតមុនចូលទៅក្នុងកន្លែងរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវរៀបចំការត្រួតពិនិត្យកំដៅ ការបាញ់អាល់កុលសម្លាប់មេរោគ និងតម្រូវឱ្យភ្ញៀវទេសចរត្រូវពាក់ម៉ាស់ (លើកលែងពេលពិសាអាហារ និងភេសជ្ជៈ និងរក្សាគម្លាតសុវត្ថិភាពស្របតាមគោលការណ៍សុខាភិបាល។
២)- គ្រប់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ត្រូវពង្រឹងការគ្រប់គ្រងឱ្យបានល្អប្រសើរ ពិសេសត្រូវ កំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក (Carrying Capacity Management System) ដែលរៀបចំដោយក្រសួងទេសចរណ៍ តាមរយះ គេហទំព័រ http://www.cinccms.org។
៣)- គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ មិនត្រូវរៀបចំឱ្យមានការជួបជុំផឹកស៊ី កម្សាន្តសប្បាយ ប្រាសចាកពីការណែនាំរបស់ក្រសួងសុខាភិបាលជាដាច់ខាត។ ចំពោះការជួបជុំជាក្រុមតូចដែលចាំបាច់ (លក្ខណៈជាក្រុមគ្រួសារផ្ទាល់) នៅក្នុងភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ ចាំបាច់ត្រូវតែរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១,៥០ម៉ែត្រ (មួយម៉ែត្រហាសិបសង់ទីម៉ែត្រ) និងមានចំនួនកម្រិតអាស្រ័យតាមការកំណត់ដោយឡែករបស់រដ្ឋបាលរាជធានី ខេត្ត។
៥)- គ្រប់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ត្រូវធានាថា គ្រប់បុគ្គលិកបម្រើការបានចាក់វ៉ាក់សាំង កូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដួសជំរុញ ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល។
៥)-ព្រមជាមួយនិងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវី៥-១៩ គ្រប់មូលដ្ឋានអាជីវកម្មសវាកម្ម ទេសចរណ៍ ត្រូវពង្រឹងគុណភាពសេវាកម្ម ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាកម្មឱ្យបានសមរម្យ។
៦)- មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យ និងពង្រឹងបន្ថែមនូវការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ឬនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា-SOP) និងរាល់វិធានការនានាជាធរមានចំពោះអាជីវកម្មសេវាកម្មទេសចរ ណ៍ ដែលបានអនុញ្ញាតឱ្យមានប្រតិបត្តិការដោយរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋានឱ្យបានជាប់ជាប្រចាំ។
៧)- មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ណែនាំបន្តដល់គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវតាមដានត្រួតពិនិត្យរាល់បុគ្គលិករបស់ខ្លួន ដែលកំពុងជាប់កាតព្វកិច្ចធ្វើចត្តាឡីស័ក និងតម្រូវឱ្យអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្ម ត្រូវជូនដំណឹងមកអាជ្ញាធរមូលដ្ឋាននូវរាល់ករណីសង្ស័យ ចំពោះភ្ញៀវដែលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ បន្ទាប់ពីស្កេន QR Code “ទប់ស្កាត់កូវីដ-១៩”)។
៨)- គ្រប់មូលដ្ឋានអាជីវកម្ម ត្រូវអនុវត្តរាល់វិធានការជាធរមាន ករណីខកខានមិនបានអនុវត្ត ឬអនុវត្ត មិនបានត្រឹមត្រូវ មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវស្នើសុំការសហការពីអាជ្ញាធរមូលដ្ឋានបញ្ឈប់ប្រតិបត្តិការអាជីវកម្មនោះជាដាច់ខាត និងបន្តនីតិវិធីស្នើសុំការអនុវត្តវិធានការច្បាប់ជាធរមាន ពិសេសច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
៩)- មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះ ពិនិត្យទីតាំងដែលជាប់បំរាមហាមឃាត់មិនឱ្យប្រកបអាជីវកម្ម ចៀសវាងលបល្អបប្រកបអាជីវកម្ម ដោយពុំបានសុំច្បាប់អនុញ្ញាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។