កម្ពុជានឹងរៀបចំសន្និសីទថ្នាក់តំបន់ស្តីពី ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពនៅដើមខែក្រោយ
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការជាមួយក្រសួងការបរទេស ក្រសួងសុខាភិបាល និងវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ នៃសាធារណរដ្ឋបារាំង គ្រោងនឹងរៀបចំធ្វើសន្និសីទថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» នៅថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ដើមខែក្រោយនេះ។
សន្និសីទនេះ នឹងមានការអញ្ជើញបើក ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៥ ខែវិច្ឆិកា ហើយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញបិទសន្និសីទ នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានឲ្យដឹងថា សន្និសីទនេះ មានការអញ្ជើញចូលរួមពីប្រតិភូ និងឥស្សរជនអន្តរជាតិនានាមកពីប្រទេសបារាំង ចិន ភូមា ថៃ ឡាវ វៀតណាម និងតំណាងជាន់ខ្ពស់របស់អង្គការ WHO ស្ថាប័នស្រាវជ្រាវនានាពាក់ព័ន្ធជាមួយវិស័យសុខាភិបាល និងផលិតផលសុខាភិបាល ក៏ដូចជាតំណាង UNITAID តំណាងនគរបាល Interpol ព្រមទាំងវត្តមានសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ពីក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនពាក់ព័ន្ធចូលរួមសរុបប្រមាណ៤៥០នាក់។
យោងតាមរបាយការណ៍បានឲ្យដឹងថា គិតត្រឹមរយៈពេល៨ខែ ក្នុងឆ្នាំ២០១៨នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបង្ក្រាបបទល្មើសបានចំនួន៤០ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន១០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។