កម្ពុជា និង​កាណាដា បង្កើន​កិច្ចសហប្រតិបត្តិការ និង​ជំរុញ​វិស័យ​អាទិភាព​មួយចំនួន រវាង​ប្រទេស​ទាំងពីរ​!

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ​បណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ជំរុញ​ការវិនិយោគ អភិវឌ្ឍ​វិស័យ​អប់រំ និង​វិស័យ​ឧស្សាហកម្ម​ធុន​តូច​និង​មធ្យម ការចរចារ​ពាណិជ្ជក​ម្ម​សេរី​អាស៊ាន​-​កាណាដា ព្រមទាំង​ការអភិវឌ្ឍន៍​គម្រោង​ជំនួយ​ផ្សេងៗ​ទៀត ដូចជា​ការ​ក៏​សាង​ធនធានមនុស្ស និង​ការអភិវឌ្ឍន៍​ផ្នែក​បច្ចេកទេស​ដល់​កម្ពុជា​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ឲ្យ​ដឹ​ហ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ដែល​ក្នុងនោះ កម្ពុជា​បាន​នាំ​ចេញទៅ​ប្រទេស​កាណាដា​ក្រោម​កម្មវិធី​ពន្ធគយ​សេរី និង​កូតា​សេរី ដែលមាន​ទំហំ​ទឹកប្រាក់​រហូតដល់ ៩៥៤,៨២ លាន​ដុល្លា​អាមេរិក ក្នុង​ឆ្នាំ​២០២១​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានស្នើ លោកជំទាវ​ឯកអគ្គរដ្ឋទូត ពិនិត្យ​លទ្ធភាព​ក្នុងការ​សិក្សា​ទៅលើ​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កាណាដា និង​ស្នើ​ឱ្យមាន​ការរៀបចំ​កិច្ច​ជំនួប​ពាណិជ្ជកម្ម រវាង​វិនិយោគិន​កាណាដា ដែល​បាន​វិនិយោគ​នៅ​ប្រទេស​ថៃ និង​ទ្បា​វ ជាមួយ​កម្ពុជា ដើម្បី​ទាញយក​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន (CCFTA) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ (CKFTA) និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែល​កម្ពុជា​ទើប​សម្រេចបាន នាពេល​ថ្មីៗ​នេះ​។ លើសពីនេះ កម្ពុជា​បានធ្វើ​កំណែទម្រង់ និង​ក៏​សាង​ច្បាប់​វិនិយោគ​ថ្មីៗ​ជាច្រើន សំដៅ​ជួយ​សម្រួល​ដល់​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើ​ឡើង​។​

​ឯកឧត្តម​បានស្នើ​ដល់​ភាគី​កាណាដា បន្ត​នូវ​ជំនួយ​ក្រោម​គម្រោង CTIF លើ​ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា ទាក់ទង​ការអភិវឌ្ឍន៍​សមត្ថភាព SMEs ការចូលរួម​តាំង​ពិ​ព័រ​ណ៌ និង​ការ​ផ្គូរ​ផ្គង​ឱ្យមាន​ជំនួប​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ ម្យ៉ាងទៀត ស្នើឱ្យ​មានការ​ផ្តល់​ការអនុគ្រោះ​ពិសេស​ដល់​កម្ពុជា ដែលជា​ប្រទេស​មាន​គម្លាត​សេដ្ឋកិច្ច​តិចជាង​ប្រទេស​អាស៊ាន​មួយចំនួន​។​

​ជាការ​ឆ្លើយតប លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ល្អ​របស់​កម្ពុជា​ជាមួយ​កាណាដា និង​កម្ពុជា​ជាមួយ​អាស៊ាន ព្រមទាំង​បាន​ឆ្លើយតប​ថា នេះ​ជា​ឆ្នាំ​ពិសេស​មួយ ដែល​កម្ពុជា​ធ្វើជា​ប្រ​ធានា​ស៊ាន ត្រូវ​នឹង​ខួប​លើក​ទី​៤៥ នៃ​ទំនាក់ទំនង​អាស៊ាន​-​កាណាដា​។

​លោកជំទាវ​ឯកអគ្គរដ្ឋទូត​បន្តថា កាណាដា​នឹង​ជំរុញ​ការចរចារ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កាណាដា និង​ពិនិត្យ​លទ្ធភាព​លើ​ការសិក្សា​ទៅលើ​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កាណាដា ព្រោះ​កិច្ចការ​នេះ​ជា​កិច្ចការ​ស្របគ្នា​ជាមួយ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​កាណាដា ក្រោម​រដ្ឋបាល​ថ្មី ដែល​ត្រូវ​បង្កើន​ពាណិជ្ជកម្ម​របស់ខ្លួន​ជាមួយ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​បាន​គូសបញ្ជាក់ថា ភាគី​កាណាដា​គាំទ្រ​ជានិច្ច​ចំពោះ​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​។

​លោកជំទាវ​សន្យាថា​នឹង​យក​សំណើ​ខាងលើ​ទៅ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ជំរុញ​មន្ត្រី​របស់ខ្លួន​ឱ្យធ្វើ​ការ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​ជិតស្និត​បន្ថែមទៀត សំដៅ​នាំយក និង​បង្កើតបាន​គម្រោង​ជាក់លាក់​ក្រោម​កិច្ចសហប្រតិបត្តិការ​ក្របខណ្ឌ CTIF ព្រមទាំង​ដើម្បី​ធ្វើកា​លើកសំណើ​ជំនួយ​បច្ចេកទេស​ពី​គម្រោង CTIF របស់​រដ្ឋាភិបាល​កាណាដា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close